About Me

header ads

ឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ អញ្ជេីញជាធិបតីក្នុងពិធីបញ្ចុះបឋមសិលា​ឧប្បឋានសាលាវត្តអង្គស្វាយ​

ខេត្តស្វាយរៀង​៖​ ព្រឹកថ្ងៃសុក្រ​ ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នេះលោក​ឧត្តមសេនីយ៍​ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វារៀង​ តំណាង​ដ៏ខ្ពង់ខ្ពស់លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ បានអញ្ជេីញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា​ ឧប្បឋានសាលា នៅវត្តអង្គស្វាយ​ (ហៅវត្តស្វាយរំពារ)​ ស្ថិតនៅភូមិអង្រ្គង​ ឃុំស្វាយរំពារ​ ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង​ ដែលមានប្រវែង​ ៣០​ម៉ែត្រ​x​១៨ម៉ែត្រ​ គ្រោងចំណាយថវិកាសរុប​ ១,១២៧,៥០០,០០០​រៀល​ (មួយពាន់មួយរយម្ភៃប្រាំពីរលានប្រាំសែនរៀល)​ និងត្រូវចំណាយពេលសាងសង់រួចរាល់រយៈ​ពេល​ ១២ខែ​ បន្ទាបពីថ្ងៃបញ្ចុះបឋមសិលាសាងសង់នេះ។

ពិធីនេះក៏មានអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី មេបញ្ជាការរង​ លោកនាយរងសេនាធិការដ្ឋាន​ លោក​អនុប្រធាន​មន្ទីរ​ លោក​ លោកស្រីនាយការិយាល័យ​ លោកមេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨​ និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។

ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍​ត្រីមេបញ្ជាការ​ ក៏បានចែកអំណោយជូនប្រជាពលរដ្ឋនូវ​ ក្រណាត់ស​ ១ដុំ​ និងថវិកា​ ២០,០០០៛​ (ពីរម៉ឺនរៀល)​។

​លោកឧត្តមសេនីយ៍​បានមានប្រសាសន៍​ថា៖​ ក្នុងនាមខ្ញុំផ្ទាល់​មានក្ដីសោមនស្សរីករាយក្រៃលែងបានចូលរួមក្នុងពិធីបញ្ចុះបឋមសិលា​ ឧប្បឋានសាលាវត្តអង្គស្វាយ​ (ហៅវត្តស្វាយរំពារ)​ ស្ថិតនៅភូមិអង្រ្គង​ ឃុំស្វាយរំពារ​ ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង​ នាថ្ងៃនេះអ្វីដែលគួរកត់សម្គាល់បន្ទាប់ពីបានស្ដាប់របាយការណ៍របស់​ លោកអភិបាលស្រុកដែលបានបញ្ជាក់ភាពរីកចំរេីនលេីវិស័យព្រះពុទ្ធសាសនា​ បន្ទាប់ពីប្រទេសជាតិយេីងទទួលបាននូវសុខសន្តិភាពពេញលេញ​ តាមរយៈនយោបាយឈ្នះ​ ឈ្នះ​ របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែ​ន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះ​ លោកឧត្តមសេនីយ៍ត្រី​ ក៏បានកោតសរសេីរដល់ព្រះចៅអធិការ​ គណ:កម្មការពុទ្ធបរិសាទ​ និងសប្បុរសជនទាំងអស់​ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍ​ នូវសមិទ្ធផលនានាឱ្យមានការរីកចំរេីនគួរឱ្យមានមោទនភាពនូវសមិទ្ធនានាកន្លងមក​ រួមទាំងការកសាង​ឧប្បឋានសាលាបន្ថែមទៀតនាពេលនេះ​ ដែលមានការផ្តួចផ្ដេីមពី​ ឯកឧត្ដម​ សៅ​ សុខា​ សមាជិកអចិន្ត្រៃយ៍​ គណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ និងលោកជំទាវ​។


ឧបត្ថម្ភសាងសង់ដោយ​ ឧបាសក​ សាំង​ និងឧបាសិកា​ សុវណ្ណ​ ជាឪពុកបង្កេីតរបស់ឯកឧត្តម​ សៅ​ សុខា​។ សាជាថ្មីម្ដងទៀត​ លោកឧត្តមសេនីយ៍ត្រី​ អំពាវនាវដល់លោកយាយ​ លោកតា​ ពុកម៉ែ​ បងប្អូនទាំងអស់ត្រូវចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ​ ចូលរួមអនុវត្តគោនយោបាយភូមិឃុំមានសុវត្តិភាព​ ពង្រឹងសន្តិសុខ​ នៅក្នុងមូលដ្ឋានរបស់យេីង​ ជាពិសេសត្រូវអប់រំបងប្អូន​ កូនចៅរបស់ខ្លួន​ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន​ ដែលនាំឱ្យមានផលប៉ះពាល់ដល់ខ្លួនឯងផ្ទាល់​ និងសង្គមជាតិ។ 


ទន្ទឹម​នឹង​នេះយេីងទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដេីម្បីរក្សាអាយុជីវិត​ និងទ្រព្យសម្បត្តិខ្លួនឯងផង​ និងចូលរួមរក្សាសណ្ដាប់ធ្នាប់សង្គមផង។ មុននឹងបញ្ចប់​ លោកឧត្តមសេនីយ៍ត្រី​ បានថ្លែងអំណរគុណដល់​ លោកយាយ​ លោកតា​ ព្រមទាំងលោក​ លោកស្រី​ ទាំងអស់ដែលបានអញ្ជេីញចូលរួមក្នុងពិធីនាពេលនេះ​ អង្គពិធីទាំងមូលសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុឃៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ  ៕