About Me

header ads

កុំបារម្ភ! គ្មានការលុបឬពន្យាពេលព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូឡើយ

កុំបារម្ភ! គ្មានការលុបឬពន្យាពេលព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូឡើយ

ប្រធានគណៈកម្មការសម្របសម្រួលនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក James Coates បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានប្រាប់មកកាន់គណៈកម្មការប្រតិបត្តិ IOC ថាគ្មានគម្រោងលុបចោល ឬពន្យាពេលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុនដោយសារការផ្ទុះរាលដាលនៃមេរោគកូរ៉ូណានោះទេ។

លោក Coates បានបញ្ជាក់ទៀតថា IOC មានជំនឿជឿជាក់ថានឹងអាចដំណើរការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំលំដាប់ពិភពលោកមួយនេះទៅមុខដោយរលូន និងធានាសុវត្ថិភាពដល់អត្តពលិក និងអ្នកទស្សនាគ្រប់ៗគ្នា ពីព្រោះសំអាងលើកិច្ចសហប្រតិបត្តិការដ៏ល្អឥតខ្ចោះរវាងកងកម្លាំងប្រឆាំងមេរោគរបស់ជប៉ុន និងអាជ្ញាធរដែលពាក់ព័ន្ធជាច្រើនផ្នែកទៀត។ មន្ត្រីជាន់ខ្ពស់នៃ IOC បានអះអាងថា អត្តពលិកជនជាតិចិនជាច្រើននាក់បាននឹងកំពុងតែហ្វឹកហាត់ត្រៀមសម្រាប់កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅក្រៅប្រទេសរបស់ពួកគេ ដូច្នេះ IOC មិនតម្រូវឲ្យដាក់ពួកគេឲ្យនៅដាច់ដោយឡែកនៅពេលមកដល់ទីក្រុងតូក្យូនោះទេ។

យ៉ាងណាមិញ ក្តីបារម្ភពីការឆ្លងរាលដាលមេរោគកូរ៉ូណាដែល WHO ទើបតែដាក់ឈ្មោះថ្មីឲ្យថា COVID-19 នោះ ធ្វើឲ្យប្រជាជនជប៉ុនដែលជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅរនេះបានការព្រួយបារម្ភយ៉ាងខ្លាំង។ គិតមកទល់ពេលនេះចំនួនអ្នកស្លាប់កើនឡើងជាងមួយពាន់ប្រាំមួយរយនាក់ ខណៈដែលអ្នកផ្ទុកមេរោគក្នុងខ្លួនមានចំនួនច្រើនជាង៦ម៉ឺននាក់នៅជុំវិញពិភពលោក។ ជាក់ស្តែងថ្មីៗនេះទើបតែមានប្រជាជនជប៉ុនម្នាក់ស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះផងដែរ។ ព្រឹត្តិការណ៍កីឡាធំៗ រួមទាំងការជម្រុះដណ្តើមកៅអីមកអូឡាំពិកឆ្នាំ២០២០នៅទីក្រុងតូក្យូ, កម្មវិធីប្រណាំងរថយន្ត F1 Grand Prix នៅទីក្រុងសៀងហៃ និង The World Indoor Athletics Championship នៅទីក្រុងណាន់ជីង សុទ្ធតែត្រូវបានលុបចោល ឬពន្យាពេល ឬលើកចេញមកប្រកួតក្រៅប្រទេសចិនទាំងអស់ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយ COVID-19 នេះ។ លោក Coates បានបញ្ជាក់បន្ថែមទៀតថា “ពួកយើងទទួលបានរបាយការណ៍មកថា កងកម្លាំងអនុវត្តការងារអូឡាំពិកតូក្យូឆ្នាំ២០២០នេះ រួមទាំងក្រុមគណៈកម្មការសម្របសម្រួល និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរក្រុងតូក្យូ ជាមួយភាគពាក់ព័ន្ធជាច្រើនទៀតកំពុងតែដុតដៃដុតជើងធ្វើយ៉ាងណាធានាឲ្យបានដល់សុវត្ថិភាពអត្តពលិក ប្រតិភូ និងមកអ្នកទស្សនាមហាព្រឹត្តិការណ៍កីឡាដ៏ធំនៅប្រទេសជប៉ុនលើកនេះ។

 លោក  Coates មើលឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អជាទីបំផុតរវាងភាគីដែលពាក់ព័ន្ធទាំងអស់ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាដើម្បីធានាដល់ការរៀបចំកម្មវិធីឲ្យប្រព្រឹត្តទៅយ៉ាងរលូន។”

នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសន្យាតាំងពីដើមខែនេះថា រដ្ឋបាលរបស់លោកនឹងធ្វើការឆ្លើយតបយ៉ាងសមរម្យជាទីបំផុត ហើយនឹងធ្វើការយ៉ាងស្អិតរមួតបំផុតជាមួយ WHO ដើម្បីធានាដល់ការរៀបចំកីឡាអូឡាំពិកនាទីក្រុងតូក្យូក្នុងឆ្នាំ២០២០នេះដោយធានាមិនឲ្យមានការប៉ះពាល់ដោយ COVID-19 សូម្បីតែបន្តិច។