About Me

header ads

ភូមិកីឡាដ៏ធំធ្លាប់ប្រើប្រាស់កាលពីស៊ីហ្គេមឆ្នាំ២០១៩នោះបានក្លាយទៅជាកន្លែងសម្រាប់ដាក់ពលករដែលសង្ស័យមានផ្ទុកវីរុសកូរ៉ូណា

តាមកាសែត Sun Star Manila ដែលជាកាសែតសរសេរជាភាសាអង់គ្លេសដ៏ល្បីរបស់ប្រទេសហ្វីលីពីនបានចុះផ្សាយថា៖ នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីនបានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិហ្វីលីពីនចំនួន៤៥នាក់ដែលនឹងត្រូវធ្វើមាតុភូមិនិវត្តពីទីក្រុងហ៊ូពៃប្រទេសចិនមកកាន់ប្រទេសហ្វីលីពីនវិញនោះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ នៅភូមិកីឡា New Clark City ស្ថិតក្នុងទីក្រុងកាប៉ាស់ ខេត្តតាឡាច់។ ទីក្រុងវ៉ូហានដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនូវជំងឺរលាកសួតថ្មីមួយនេះគឺជាទីក្រុងមួយដែលស្ថិតក្នុងចំណុះខេត្តហ៊ូពៃ ជាហេតុធ្វើឲ្យមន្ត្រីសុខាភិបាលហ្វីលីពីនបារម្ភយ៉ាងខ្លាំងចំពោះការវិលត្រឡប់របស់មនុស្សទាំង៤៥នាក់នោះ។ ពលករចំណាកស្រុកហ្វីលីពីនដែលចេញទៅធ្វើការនៅខេត្តហ៊ូពៃប្រទេសចិននោះនឹងត្រូវកំណត់ឲ្យហោះចេញនៅថ្ងៃ៨កុម្ភៈនេះ ហើយនឹងមកដល់ប្រទេសហ្វីលីពីននាព្រឹកថ្ងៃទី៩ ចំថ្ងៃអាទិត្យនេះតែម្តង។ លោក Francisco Duque រដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយថា គ្រប់កម្លាំងដែលពាក់ព័ន្ធទាំងអស់នឹងអនុវត្តទៅតាមរបៀបវិរៈដែលបានកំណត់ដើម្បីធានាដល់សុវត្ថិភាពពលករហ្វីលីពីនដែលធ្វើដំណើរត្រឡប់ពីខេត្តហ៊ូពៃមកវិញ ហើយពួកគេទាំងអស់គ្នានឹងត្រូវនាំយកទៅដាក់នៅកន្លែងដាច់ដោយឡែកមួយដើម្បីធ្វើការតេស្តជាមុនសិនមុនសម្រេចអនុញ្ញាតឲ្យបន្តដំណើរទៅផ្ទះសម្បែងវិញ។ ការព្យាបាលជាមួយការយកចិត្តទុកដាក់ខ្ពស់នឹងត្រូវផ្តល់ជូនសម្រាប់អ្នកជំងឺដែលរកឃើញថាមានផ្ទុកមេរោគកូរ៉ូណាថ្មីក្នុងខ្លួន។ លោកបានបញ្ជាក់ទៀតថា New Clark City ត្រូវបានជ្រើសរើសធ្វើជាកន្លែងសម្រាប់ដាក់អ្នកសង្ស័យដែលមានផ្ទុកជំងឺរលាកសួតថ្មីនេះដែលបានរៀបចំរួចជាស្រេចដោយអាជ្ញាធរ។ ពីដំបូងរដ្ឋាភិបាលសម្រេចជ្រើសយកមូលដ្ឋានយោធា Fort Magsaysay ក្នុងខេត្ត Nueva Ecija ធ្វើជាទីកន្លែងសម្រាប់ដាក់ពលករដែលហោះមកពីប្រទេសចិននោះ ប៉ុន្តែលោក Duque បាននិយាយថា គ្រឿងបរិក្ខានៅភូមិកីឡា New Clark City មានលក្ខណៈអំណោយផលល្អច្រើនជាងដោយនៅទីនោះមានបន្ទប់ទឹកមួយៗដាច់ដោយឡែកពីគ្នា។ លោករដ្ឋលេខាធិការរូបនោះបានបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់រដ្ឋាភិបាលថានឹងបន្តរៀបចំទីតាំងសម្រាប់ដាក់អ្នកសង្ស័យជាច្រើនកន្លែងទៀតនៅក្នុងបន្ទាយទាហាន Fort Magsaysay សម្រាប់ប្រើប្រាស់នាថ្ងៃអនាគត។




លោក Duque និយាយថា ពលករហ្វីលីពីននឹងចាកចេញពីខេត្តហ៊ូពៃហើយហោះតាមជើងហោះហើរមួយសំដៅមកចុះចតនៅព្រលានយន្តហោះ Clark។ ពួកគេត្រូវឆ្លងកាត់ការត្រួតពិនិត្យគ្រប់ដំណាក់កាលទាំងអស់ដោយមន្ត្រីជំនាញរបស់យើងនឹងប្រើម៉ាស៊ីនបច្ចេកវិទ្យាថ្មីថតចាប់វីរុសពីក្នុងខ្លួនអ្នកសង្ស័យទាំងអស់។ ប្រសិនបើរកឃើញវីរុសក្នុងខ្លួននឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យធំដើម្បីព្យាបាលជាបន្ទាន់ ចំណែកអ្នកគ្មានរោគសញ្ញាអ្វីក៏ត្រូវបញ្ជូនទៅដាក់កន្លែងដាច់ដោយឡែកមួយរយៈសិនដែរ ដើម្បីរង់ចាំលទ្ធផលនៃការត្រួតពិនិត្យ។ គាត់បានបន្ថែមទៀតថា បន្ទប់ទាំងអស់ក្នុងភូមិកីឡា New Clary City នេះសុទ្ធតែបំពាក់ទៅដោយគ្រឿងបរិក្ខាសំខាន់ៗដូចជាទូរទឹកក និងម៉ាស៊ីនត្រជាក់ដែលអាចជួយសម្រួលដល់ពលករដែលត្រូវសម្រាកបណ្តោះអាសន្ននៅទីនោះ។ សូមបញ្ជាក់ថា ភូមិកីឡា New Clark City គឺជាទីកន្លែងដែលរដ្ឋាភិបាលហ្វីលីពីនប្រើប្រាស់សម្រាប់ឲ្យកីឡាករស្នាក់នៅនាអំឡុងពេលស៊ីហ្គេមលើកទី៣០ ចន្លោះពីថ្ងៃទី៣០វិច្ឆកា រហូតដល់១១ធ្នូ ឆ្នាំ២០១៩កន្លងទៅ។ ហើយ១ថ្ងៃមុនថ្ងៃធ្វើពិធីបើកព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍នោះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិអូឡាំពិកទាំង១១ប្រទេសក្នុងតំបន់អាស៊ានបានអញ្ចើញចូលរួមពិធីគោរពទង់ជាតិនៅទីនោះ ក្នុងនោះឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាយើងក៏មានវត្តមាននៅទីនោះផងដែរ។