About Me

header ads

ផល សោភ័ណ្ឌ នឹងប៉ះជាមួយនឹងកីឡាករថៃ វាកៃថែប

សប្ដាហ៍នេះ កីឡាករម្ចាស់រហស្សនាម ដំរីភ្លុកខៀវ កីឡាករមកពីក្លិបតាឡីដំរីមានរិទ្ធិ កីឡាករផល សោភ័ណ្ឌនឹងត្រលប់មកអង្រួនសង្វៀនប៉ុស្ដិ៍លេខ៥ ជាថ្មី ដោយប៉ះនឹងដៃគូ ថៃកីឡាករ វាកៃថែប ដែលធ្លាប់បង្ហាញសមត្ថភាពលើសង្វៀន លម្ពិនី ជាច្រើនលើក។ កីឡាករ ផល សោភ័ណ្ឌ គឺជាកីឡាករខ្លាំងនិងជួរមុខរបស់ព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រវត្តិឡើងប្រកួតសឹងរាប់មិនអស់ទាំងលើសង្វៀនជាតិ និង សង្វៀនក្រៅប្រទេស។ តួយ៉ាងដូចជាកាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមអ្នកប្រដាល់របស់យើងត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជ្រើសរើសឲ្យប្រកួតក្នុងប្រភេទកីឡា Kick Boxing ប៉ុន្តែកីឡាករកម្ពុជារូបនេះមិនបានមេដាយត្រលប់មកវិញនោះទេ។ ប៉ុន្តែដោយមើលឃើញពីសមត្ថភាពនិងសិទ្ធផលល្អៗរបស់កីឡាកររូបនេះសម្រេចបានកន្លងមក ទើបរូបគេតែងត្រូវបាន Promoter ពេញចិត្តនឹងចាប់គូឲ្យប៉ះនឹងដៃគូបរទេសខ្លាំងៗ យ៉ាងណាមិញសម្រាប់សប្ដាហ៍នេះ ផល សោភ័ណ្ឌ នឹងត្រូវឡើងប្រកួតប្រដាល់មិត្តភាពអន្តរជាតិ ជាមួយនឹងកីឡាករថៃគឺកីឡាករ វាកៃថែប អ្នកប្រយុទ្ធធ្លាប់មានបទពិសោធនៅសង្វៀនលម្ពិនី ប្រទេសថៃនៅថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ ២០២០ ចាប់ពីម៉ោង៦ល្ងាចតទៅ ហើយមានផ្សាយផ្ទាល់ជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥។ សូមរំលឹកផងដែរថា កាលពីការប្រកួតកីឡាប្រដាល់មិត្តភាពអន្តរជាតិ Khmer fight ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជាលើកទី២ នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំខ្មែរ នៅខេត្តព្រៃវែង កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០១៩ កន្លងទៅ កីឡាករ ផល សោភ័ណ្ឌ បានយកឈ្នះលើកីឡាករមកពីប្រទេស អូស្ត្រាលី Mehrdad ដោយពិន្ទុ ។ ចាំមើលលើកនេះ ផល សោភ័ណ្ឌនឹងបំបាក់កីឡាករថៃឲ្យបរាជ័យដោយពិន្ទុ ឬក៏បំបាក់ឲ្យសន្លប់?