About Me

header ads

ការពន្លត់ភ្លើងឆេះរោងចក្របារីពន្លត់ចប់ហើយ លោកទេសរដ្ឋមន្រ្តីគន់ គីម អញ្ជើញចុះទៅស្ថានភាពជាក់ស្ដែង

ភ្នំពេញ៖អគ្គីភ័យដែលបានឆាបឆេះរោងចក្រផលិតបារី ស្ថិតនៅតាមផ្លូវបេតុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានពន្លត់រលត់ទាំងស្រុងហើយនៅត្រឹមវេលាម៉ោងប្រមាណជិត១រសៀលថ្ងៃទី ២៧ កុម្ភៈ ។បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យចំនួន២៧គ្រឿង ដែលមកពីអង្គភាពនានាធ្វើការបាញ់ពន្លត់ព្រមទាំងបានប្រើគ្រឿងចក្រចំនួន២គ្រឿងកាយគំនរអគារបែកបាក់ ឲ្យរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើងដល់បាតក្រោម។

បន្ទាប់មករថយន្តពន្លត់អគ្គិភ័យត្រូវបានដកចេញពីកន្លែងកើតហេតុអស់ហើយប៉ុន្តែដាក់កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ប្រចាំការរង់ចាំតាមដានមើលក្រែងភ្លើងឆេះឡើងវិញ បន្តទៀត។ដោយឡែកនៅវេលាព្រឹកថ្ងៃដដែលនោះក៏មានឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអញ្ជើញចុះទៅកាន់ទីកន្លែងកើតហេតុនោះដើម្បីត្រួតពិនិត្យមើលនូវស្ថានភាពនៃគ្រោះអគ្គិភ័យនោះផងដែរ។

សូមបញ្ជាក់ថា អគាររោងចក្រដែលត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុងនេះមានទំហំទ៥០ម៉ែត្រគុណនឹង៧០ម៉ែត្រ សាងសង់អំពីថ្មប្រក់ស័ង្កសី ហើយក្រៅពីអាគារនៅមានម៉ាសុីនសង្វាក់ផលិតកម្មចំនួន៦គ្រឿង ម៉ាសុីនបោកគក់ចំនួន២០គ្រឿង រួមជាមួយសម្ភារៈវត្ថុធាតុដើមសម្រាប់ផលិតបារី ព្រមទាំងក្រដាសឡាំងមួយចំនួនទៀត ចំណែកទំហំការខូចខាតគិតជាប្រាក់ពុំទាន់ដឹងថាប៉ុន្មាននៅឡើយ។ហើយ រោងចក្រនេះផលិតបារីម៉ាក«GUIYAN»ព្រមទាំងបារីម៉ាកផ្សេងៗទៀតផងដែរ ប៉ុន្តែរោងចក្រនេះមិនមានស្លាកយីហោនោះទេ ដែលពុំដឹងថាមានច្បាប់ឬគ្មានឡើយ ចំណែកម្ចាស់ទីតាំងគឺជាឧកញ៉ាម្នាក់ដែលបានជួលទីតាំងនេះទៅឲ្យថៅកែជនជាតិចិនម្នាក់បើកដំណើរការផលិតបារី។

កម្មករបាននិយាយថា រោងចក្រនេះបានផ្អាកដំណើរការតាំងពីអំឡុងមុនចូលឆ្នាំចិនមកម្ល៉េះ ដោយតាមទម្លាប់ឲ្យតែដល់ចូលឆ្នាំចិនថៅកែបានឲ្យកម្មករឈប់សម្រាករយៈពេល១ខែ ដើម្បីឲ្យបុគ្គលិកជនជាតិចិនបានទៅលេងស្រុកបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន និងបើកប្រាក់ឈ្នួលគោលឲ្យជាធម្មតា ។ដោយឡែកឆ្នាំនេះបានឈប់លើសពី១ខែព្រោះបញ្ហាវីរុសកូរ៉ណារាត្បាត ហើយរហូតមកដល់ប៉ុន្មានថ្ងៃចុងក្រោយនេះថៅកែបានប្រមូលកម្មករឲ្យមកជុំគ្នាត្រៀមបន្តដំណើរការឡើងវិញ ហើយយប់ថ្ងៃកើតហេតុមានកម្មករជាង២០នាក់ដេកក្នុងរោងចក្រខ្លះនិងផ្ទះជួលក្បែររោងចក្រខ្លះ ស្រាប់តែមានភ្លើងឆេះកើតឡើងប៉ុន្តែសំណាងល្អបាននាំគ្នារត់ចេញទាន់ទើបគ្មានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ៕