About Me

header ads

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្រេចបង្កើតគណៈកម្មការមួយក្នុងគោលបំណងជ្រើសយកធនធានទៅប្រជែងមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្រេចបង្កើតគណៈកម្មការមួយក្នុងគោលបំណងជ្រើសយកធនធានទៅប្រជែងមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ាវយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានដឹកនាំធ្វើសន្និសីទសារព័ត៌មានស្តីពីការបង្កើតគណៈកម្មការប្រដាល់សកលអាជីពកម្ពុជាក្រោមការចូលរួមពីសំណាក់មន្ត្រីសហព័ន្ធ អាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករកីឡាការិនីជាច្រើនរូបទៀត។

លោកប្រធានសហព័ន្ធបានប្រាប់ឲ្យដឹងថា គោលបំណងនៃការបង្កើតគណៈកម្មការមួយនេះឡើងគឺដើម្បីស្របទៅតាមផែនការយុទ្ធសាស្ត្រឆ្នាំ២០២០-២០២៣ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្នុងការស្វែងរកមេដាយសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក ឆឹង យ៉ាវយ៉េន បានឲ្យដឹងទៀតថា ដើម្បីអនុវត្តឲ្យស្រមទៅតាមនីតិវិធី និងលក្ខខ័ណ្ឌរបស់ស្ថាប័នប្រដាល់សកលអាជីបអន្តរជាតិ (WBA, WBA, WBO) ទើបតម្រូវឲ្យបង្កើតគណៈកម្មការប្រដាល់សកលអាជីពមួយមានសិទ្ធិចូលជាសមាជិកផ្លូវការរបស់ស្ថាប័ន។

លោកប្រធានសហព័ន្ធបានសង្កត់ធ្ងន់ៗថា ចាប់ពីឆ្នាំ២០២០នេះទៅសហព័ន្ធនឹងជំរុញខ្លាំងទៅលើការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលនៅប្រទេសកម្ពុជាដើម្បីចម្រាញ់យកធនធានកីឡាករកីឡាការិនីល្អៗត្រៀមសម្រាប់ប្រជែងមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនៅថ្ងៃខាងមុខ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជាកំពុងតែធ្វើការទំនាក់ទំនងជាមួយគណៈកម្មការប្រដាល់សកលជប៉ុនក្នុងការសហការជាដៃគូដើម្បីអភិវឌ្ឍវិស័យកីឡាប្រដាល់សកលកម្ពុជាដោយកន្លងទៅភាគីខាងជប៉ុនបានទទួលយកកីឡាករប្រដាល់សកលកម្ពុជាឆ្នើមៗចំនួន៣រូបក្នុងនោះមានកីឡាករ ពេជ្រ ម្ទេសខ្មាំង, នៅ ស្រីពៅ និង វី ស្រីខួច ទៅហ្វឹកហាត់រយៈពេល៣ខែមុនចេញទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីនកាលពីចុងឆ្នាំ២០១៩កន្លងទៅ។

ហើយភាគីខាងជប៉ុនសន្យានឹងបន្តជំនួយជាច្រើនទៀតដូចជាឧបករណ៍ សម្ភារទំនើបៗដើម្បីជំនួយដល់ការហ្វឹកហាត់របស់កីឡាករ។ សូមបញ្ជាក់ថាបន្ថែមថា គណៈកម្មការប្រដាល់សកលអាជីពកម្ពុជាដែលត្រូវបានបង្កើតឡើងដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជានេះមានការទទួលស្គាល់ស្របច្បាប់ដោយក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិផងដែរ។