About Me

header ads

ណាម ម៉ូរ៉ាក់ បារម្ភពីទម្រង់វាយរបស់ខ្លួនមុនចូលដល់ជុំទី៣ ខណៈដែលរូបគេត្រូវប៉ះ វែន ហុងជីវ៉ង់

ណាម ម៉ូរ៉ាក់ បារម្ភពីទម្រង់វាយរបស់ខ្លួនមុនចូលដល់ជុំទី៣ ខណៈដែលរូបគេត្រូវប៉ះ វែន ហុងជីវ៉ង់

នេះមិនមែនជាលើកទី១ទេសម្រាប់កីឡាករ ណាម ម៉ូរ៉ាក់ ក្នុងការចូលរួមប្រជែងពានរង្វាន់ TV5 Knock Out Series by K-Cement ប៉ុន្តែអ្នកប្រដាល់រូបនេះមិនដែលឆ្លងផុតជុំទី៣ឡើយ។ នៅពេលនេះគេមានឱកាសបានឈានជើងចូលជុំទី៣ ប៉ុន្តែអាចថានេះជាសំណាងដែលដៃគូរបស់ខ្លួនកាលពីជុំទី២កីឡាករ វេន សុភ័គ្រ រលាកខ្នែងពោះវៀនត្រូវវះកាត់មិនអាចឡើងសង្វៀនទាន់ពេលត្រូវគណៈកម្មការដកសិទ្ធិប្រកួត និងឲ្យ ណាម ម៉ូរ៉ាក់ ឡើងមកជុំទី៣នេះដោយស្វ័យប្រវត្តិ។

ទោះយ៉ាងនេះក្តី ទម្រង់វាយកាលពីជុំទី២ជាមួយ កូយ ឡាយ ដែលឡើងមកប្រកួតបង្គ្រប់កិច្ចជំនួស វេន សុភ័គ្រ អាចប្រាប់អ្នកគាំទ្រខ្លះៗពីទម្រង់វាយដ៏ខ្សោយរបស់ ណាម ម៉ូរ៉ាក់ សូម្បីតែសាមីខ្លួនក៏បារម្ភចំពោះការធ្លាក់ចុះនៃទម្រង់វាយរបស់ខ្លួនដែរ។ ឆ្លើយតបមកាន់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ ប្រដាល់មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងរូបនេះបានប្រាប់ឲ្យដឹងថា មួយរយៈនេះខ្លួនចេះតែមានអាការៈមិនស្រួលខ្លួន លុះទៅពិនិត្យទើបដឹងថាមានបញ្ហាតម្រង់នោម ដូច្នេះត្រូវលេបថ្នាំព្យាបាលមួយរយៈសិនទើបធ្វើឲ្យប៉ះពាល់កម្លាំង និងរវល់ការងារក្រៅផងនោះធ្វើឲ្យមិនសូវមានពេលហ្វឹកហាត់បានគ្រប់គ្រាន់ ប៉ុន្តែយ៉ាងណាក៏សូមទោសអ្នកគាំទ្រដែរ ហើយសន្យាថានឹងខំប្រឹងថែខ្លួនឲ្យល្អឡើងវិញដើម្បីត្រៀមសម្រាប់ប្រកួតក្នុងជុំទី៣បន្ទាប់។

 សូមបញ្ជាក់ថា កីឡាករ ណាម ម៉ូរ៉ាក់ នឹងត្រូវប្រកួតជាមួយកីឡាករ វ៉ែន ហុងជីវង់ លើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមលើសង្វៀន Knock Out Series by K-Cement រដូវកាលទី៧ ក្នុងនៅជុំទី៣។ រវាងអ្នកទាំង២នេះនឹងមានតែម្នាក់ប៉ុណ្ណោះដែលត្រូវបន្តដំណើរទៅជុំទី៤ដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងមានកញ្ចប់ទឹកប្រាក់ ៥០០ដុល្លារអាមេរិកនៅក្នុងដៃរួចជាស្រេច។

គួររំលឹកឡើងវិញផងដែរថា ណាម ម៉ូរ៉ាក់ ត្រូវ កូយ ឡាយ ម្ចាស់ជើងឯករដូវកាលទី៦ វាយឲ្យមានស្នាមបែកធំនៅលើថ្ងាសត្រូវដេរ៥ថ្នេរកាលពីថ្ងៃសៅរិ៍សប្តាហ៍មុន ហើយការបរាជ័យត្រឹមតែ១ទឹកនេះធ្វើឲ្យគេហាក់បីដូចជាអស់ទំនុកចិត្តលើខ្លួនឯងបន្តិចផងដែរ។ យ៉ាងណាអ្នកប្រដាល់រូបនេះនៅតែតាំងចិត្តថានឹងធ្វើឲ្យបានល្អឡើងវិញក្នុងប្រកួតបន្ទាប់របស់ខ្លួន។