About Me

header ads

ប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីសៀលថ្ងៃ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន  បានធ្វើការប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងប៉ៃលិន  ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានលើកឡើងថា៖ ចំពោះការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងប៉ៃលិននេះ ជាព្រិត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តមបញ្ជាក់ថា៖ ការផ្លាស់ប្តូរនូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារមានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅរដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល និងដឹកនាំគ្រប់សកម្មភាព ឬកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នចំពោះវិស័យក្រសួង ស្ថាប័ននីមួយៗ ។

ឯកឧត្តមផ្តាំផ្ញើដល់អភិបាលក្រុង ត្រូវខិតខំសម្របសម្រួលរៀបចំទីកន្លែងបំពេញការងាររបស់មន្ត្រី និងការិយាល័យ អង្គភាពនានាចំណុះរដ្ឋបាលក្រុងតាមរចនាសម្ព័ន្ធថ្មីឱ្យបានសមស្រប និងមានលក្ខណៈប្រមូលផ្តុំនៅជិតៗ គ្នាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីងាយស្រួលក្នុងទំនាក់ទំនងការងារ ការផ្តល់សេវា ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងដោះស្រាយកិច្ចការនានាបានឆាប់រហ័ស និងត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងឱកាសនោះដែរ ។

គួរបញ្ជាក់ថា៖ ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងប៉ៃលិនធ្វើឡើងស្របតាមសេចក្តីប្រកាសលេខ០៥៣ សសរ/ គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ដោយរចនាសម្ព័ន្ធថ្មីរបស់សាលាក្រុងប៉ៃលិន មានក្រុមប្រឹក្សាក្រុងប៉ៃលិន ចំនួន១៥នាក់ ស្រីចំនួន៣នាក់ គណៈអភិបាលក្រុង មានចំនួន ៤នាក់ មន្រ្តីសាលាក្រុងប៉ៃលិនមានចំនួន ៤៦នាក់ ស្រី១៦នាក់, មន្រ្តីជាប់សន្យាចំនួន ២នាក់, ការិយាល័យមានចំនួន ១២ការិយាល័យ និង ១អង្គភាពផងដែរ ៕