About Me

header ads

ប្រាក់រង្វាន់ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោលើកទី១៤ទាំងថ្នាក់ជាតិ និងពានរង្វាន់លីគកំពូលកម្ពុជានឹងមានការតំឡើងចាប់ពីរដូវកាលឆ្នាំ២០២០នេះទៅ

គណៈកម្មការប្រកួតបាល់ទាត់ជាតិហៅកាត់ CNCC បានរៀបចំសន្និសីទសារព័ត៌មានមួយមុនការបើករដូវកាលថ្មីនៃក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០ និងពានរង្វាន់សម្តេចតេជោលើកទី១៤ ថ្នាក់ខេត្តនៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។ លោក ឈី កុលបុត្រា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រកួតបាល់ទាត់ជាតិ ហៅកាត់ CNCC បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សម្រាប់ពានរង្វាន់សម្តេចតេជោលើកទី១៤ ថ្នាក់ខេត្តក្នុងឆ្នាំ២០២០នេះ មាន១៧ខេត្តចូលរួមក្នុងនោះមានដូចជា៖ ខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ឆ្នាំង, កំពង់ធំ, ព្រះវិហារ, សៀមរាប, រតនៈគីរី, ត្បូងឃ្មុំ, ព្រៃវែង, កណ្តាល, តាកែវ, កំពង់ស្ពឺ, ព្រះសីហនុ, កោះកុង, កំពត និងខេត្តកែប។ ការប្រកួតថ្នាក់ខេត្តវគ្គជម្រុះចែកពូលនឹងចាប់ផ្តើមនៅទី៤ ខែកុម្ភៈនេះតែម្តងហើយគ្រោងបញ្ចប់នៅក្នុងខែឧសភាខាងមុខ។ សម្រាប់ប្រាក់រង្វាន់ជើងឯកថ្នាក់ខេត្តបានទឹកប្រាក់ចំនួន១៥លានរៀល, រងជើងឯកបាន៧លាន៥សែនរៀល និងលេខ៣បាន៥លានរៀល។ ចំពោះកម្រិតថ្នាក់ជាតិ CNCC គ្រោងនឹងតំឡើងប្រាក់រង្វាន់ឲ្យក្រុមជើងឯក ប៉ុន្តែគណៈកម្មការកំពុងតែសិក្សាពីលទ្ធភាពនៃការតំឡើង ខណៈដែលក្រុមចំណាត់ថ្នាក់លេខ២ ទទួលបាន៤០លានរៀល និងលេខ៣ទទួលបាន ២០លានរៀល។ ចំណែកឯពានរង្វាន់លីគកំពូលកម្ពុជាកម្ពុជារដូវកាលឆ្នាំ២០២០នេះវិញ CNCC ក៏បានពិចារណាលើការតំឡើងប្រាក់រង្វាន់ជូនម្ចាស់ជើងឯកផងដែរ ប៉ុន្តែត្រូវការសិក្សាទៅតាមលទ្ធភាពរបស់ Sponsor ជាមុនសិន។ ពានរង្វាន់លីគកំពូលរដូវកាលឆ្នាំ២០២០នេះមានសរុបទាំងអស់ចំនួន១៣ក្រុមប្រកួតវិលជុំសន្សំពិន្ទុ។ សម្រាប់កាលបរិច្ឆេទប្រកួតចាប់ផ្តើមពីថ្ងៃទី១៤ កុម្ភៈនេះតទៅរហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ ប្រសិនបើមិនមានការកែប្រែចាំបាច់នោះទេ៕