About Me

header ads

តើមានមូលហេតុអ្វី ទើបរឿងសោភ័ណ្ឌសុំដកខ្លួនចេញពីការប្រកួតជាមួយ កីឡាករ កា ឃុនសិក?

តើមានមូលហេតុអ្វី ទើបរឿងសោភ័ណ្ឌសុំដកខ្លួនចេញពីការប្រកួតជាមួយ កីឡាករ កា ឃុនសិក?

ការប្រកួតដ៏កក្រើកសង្វៀនរវាងគូមិត្តភាពអន្តរជាតិកីឡាករខ្មែរ-ថៃលើសង្វៀនស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី TV5 Boxing Knock Out Series by K-Cement មិនដែលធ្វើឲ្យអ្នកទស្សនាអាក់អន់ស្រពន់ចិត្តម្ដងណាឡើយ ព្រោះអ្នករៀបចំកម្មវិធីតែងតែនាំយកកីឡាករល្អទាំងខ្មែរ និង ថៃ មកផ្គូរផ្គងគ្នាដើម្បីធ្វើយ៉ាងណាផ្ដល់នូវចំណីអារម្មណ៍ប្លែកថ្មីដល់អ្នកគាំទ្រពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។

សម្រាប់ថ្ងៃសៅរ៍ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ ការប្រកួតមិត្តភាពអន្តរជាតិគឺជាការជួបគ្នាជាលើកដំបូងរវាងអ្នកប្រដាល់មុខសង្ហា កា ឃុនសិក និង អ្នកប្រដាល់កណ្ដាប់ដៃធ្ងន់រឿង សោភ័ណ្ឌ។ ការជួបគ្នានេះពិតជាធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ឲ្យពេលវេលាដើរទៅដល់ថ្ងៃសៅរ៍ឆាប់ៗនេះ ប៉ុន្តែពិតជារឿងគួរឲ្យសោកស្ដាយខ្លាំងសម្រាប់អ្នកគាំទ្រ ដោយសារអ្នករៀបចំកម្មវិធីប្រដាល់ប៉ុស្ដិ៍លេខ៥ បានជម្រាបមកខាងព័ត៌មានកីឡាវិញថា សប្ដាហ៍នេះ កីឡាករកម្ពុជា រឿង សោភ័ណ្ឌ បានសុំដកខ្លួនចេញពីការប្រកួតនេះហើយ ដោយជំនួសមកវិញដោយកីឡាករ នី សុភី ដែលនឹងត្រូវតតាំងជាមួយនឹងកីឡាករ កា ឃុនសិក របស់ព្រះរាជាណាចក្រថៃ។

រឿង សោភ័ណ្ឌ កីឡាករមកពីក្លឹបមកុដរាជសី បានស្នើសុំដកខ្លួនចេញពីការប្រកួតទាំងសោកស្ដាយដោយសារតែមូលហេតុថាកីឡាកររូបនេះមានអាការៈគ្រុនក្ដៅ ឈឺខ្លួននិងល្ហិតល្ហៃហើយកំពុងសម្រាកព្យាបាល ព្យួរសេរ៉ូមនៅមន្ទីរពេទ្យមិនអាចមកប្រកួតបាន។

ក្រុមព័ត៌មានកីឡាយើងខ្ញុំសូមបួងសួងទេវតាឲ្យតាមជួយថែរក្សាឲ្យអ្នកប្រដាល់កណ្ដាប់ដៃធ្ងន់របស់កម្ពុជាឆាប់បានជាសះស្បើយពីជម្ងឺឲ្យបានឆាប់រហ័ស៕