About Me

header ads

នី សុភី ថាខ្លួនអាយុ៣០ប្លាយហើយ ប៉ុន្តែនៅអាចវាយដល់៤០ សំខាន់លើសុខភាពប៉ុណ្ណោះ

នី សុភី ឬឡុង សុភី អ្នកប្រដាល់ដៃវែងជើងវែងនិយមប្រើក្បាច់មាន់ចឹកស្រូវនោះទើបតែប្រកួតស្មើជាមួយជើងខ្លាំងថៃកីឡាករ ខ្លា ឃុនស៊ិក នៅសង្វៀនប៉ុស្តិ៍លេខ៥កាលពីថ្ងៃសៅរិ៍សប្តាហ៍កន្លងទៅ។ យ៉ាងណាមិញ អ្នកប្រដាល់ដ៏ឆ្នើមរូបនេះបានប្រាប់ថា សព្វថ្ងៃខ្លួនមានវ័យ៣០ប្លាយទៅហើយ កម្លាំងក៏រាងអន់ថយបន្តិចដែរ ប៉ុន្តែបច្ចេកទេសវាយនៅល្អដូចដើម ដូច្នេះខ្លួនជឿជាក់ថានៅតែអាចឡើងប្រកួតបានរហូតដល់អាយុ៤០ឯណោះ ប៉ុន្តែក៏ត្រូវគិតពីសុខភាពខ្លះដែរ។ ការលើកឡើងរបស់ សុភី មិនខុសពីមិត្តរួមអាជីព រឿង សោភ័ណ្ឌ ឡើយដែលសុទ្ធតែមានឆន្ទៈឡើងសង្វៀនដល់អាយុ៤០ដូចគ្នា។ សុភី បានប្រាប់ឲ្យដឹងទៀតថា ខ្លួនចាស់មែន ប៉ុន្តែបើក្រលែកទៅមើលអ្នកប្រដាល់ថៃ អ្នកខ្លះវ័យ៤០ប្លាយទៅហើយនៅតែអាចឡើងសង្វៀនប្រកួតបាន ហើយថែមទាំងខ្លាំងដូចដើម រហូតកីឡាករក្មេងជំនាន់ក្រោយដែលពេញកម្លាំងមួយចំនួនវាយមិនឈ្នះផង ដូច្នេះមានរឿងអីដែលរូបលោកឆាប់បោះបង់សង្វៀននោះ? សព្វថ្ងៃក្រៅពីអាជីពជាអ្នកប្រដាល់ នី សុភី ក៏ជាមន្ត្រីនគរបាលក្រោមអង្គភាពកីឡានគរបាលជាតិផងដែរ។ សុភី អះអាងថាខ្លួនអាចប្រកួតបានក្នុងប្រភេទទម្ងន់ចន្លោះ ៦៧-៧១ គីឡូក្រាម ហើយមិនដែលញញើតនឹងឡើងសង្វៀនឡើយមិនថាដៃគូខ្លាំង ឬមានប្រវត្តិល្អយ៉ាងម៉េចទេ សំខាន់ឲ្យតែមានទម្ងន់ប្រហាក់ប្រហែលគ្នាគឺវាយបានទាំងអស់។ សូមបញ្ជាក់ផងដែរថា នី សុភី ត្រូវជាប្អូនប្រុសបង្កើតរបស់លោក ឡុង សាវ័ន្ត ដែលជាអតីតអ្នកប្រដាល់ដ៏ឆ្នើមមួយរូបនោះមានប្រវត្តិប្រកួតមិនក្រោម១០០ដងឡើយ ហើយថែមទាំងធ្លាប់ចេញទៅប្រកួតនៅសង្វៀនក្រៅប្រទេសផងដែរ។ ពិសេសអ្នកប្រដាល់ពូកែឡាំជង្គង់ម្នាក់នេះធ្លាប់ឈ្នះមេដាយមាសថ្នាក់ជាតិរាប់ភ្លេចទៅហើយចាប់តាំងពីខ្លួននៅប្រកួតទម្ងន់ស្រាលម្ល៉េះ។