About Me

header ads

អំណោយមនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៤ខ្នងផ្

ខេត្តមណ្ឌលគិរី ៖ ដើម្បីជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៤ខ្នងផ្ទះ ស្មើនឹង៤គ្រួសារ ស្ថិតនៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្ដាលឲ្យមានការខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើនផងដែរ។ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ៤ខ្នង ស្មើនឹង៤គ្រួសារនាពេលនេះ ទទួលបានអំណោយមនុស្សធម៌មួយចំនួនពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាសប្បុរសជននានា ដើម្បីជួយដោះស្រាយនូវការខ្វះខាតបានមួយរយៈពេលខ្លី។

លោក សាយ ម៉េងគីម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុ ព្រោះរដូវនេះ ជារដូវប្រាំង ដែលអាចបង្កដោយភ្លើងឆេះព្រៃ និងអាចរាលដាលដល់លំនៅឋាន ធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិតមនុស្សផងដែរ។ លោក បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវជួយសម្រួលធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឫសៀវភៅស្នាក់នៅ និងឯកសារផ្សេងៗទៀត ដែលត្រូវភ្លើងឆេះ ធ្វើជូនគ្រួសាររងគ្រោះឱ្យបានឆាប់រហ័ស ក្នុងការងាយស្រួលប្រកបមុខរបរផ្សេងៗ ដើម្បីធ្វើយ៉ាងណាស្តារនូវជីវភាពគ្រួសារឡើងវិញ ជាពិសេស ត្រូវចូលរួមសំអាតអនាម័យបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាតផងដែរ។

អំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៤គ្រួសារ រួមមាន គ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងនោះ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជន ផ្តល់ជូនគ្រួសាររងគ្រោះទាំង៤គ្រួសារនោះផងដែរ។

តាមរបាយការណ៍របស់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក បានឱ្យដឹងថា ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក កាលពីវេលាម៉ោងប្រមាណជាជិត៧ យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ប៉ុន្តែខូចខាតផ្ទះនិងសម្ភារៈទាំងស្រុង៕