About Me

header ads

បិសាចក្រហមប្ដូរសណ្ឋាគារគេចខ្លាចឆ្លងមេរោគកូរ៉ូណា?

បិសាចក្រហមប្ដូរសណ្ឋាគារគេចខ្លាចឆ្លងមេរោគកូរ៉ូណា? 

ក្រុមបិសាចក្រហមត្រូវបង្ខំចិត្តផ្លាស់ប្តូរសណ្ឋាគារភ្លាមៗដោយសារខ្លាចឆ្លងកូរ៉ូណាវីរុសពីលោក Rafa Benitez និងកីឡាករចិនរបស់គាត់។

ក្រុមបិសាចក្រហម Manchester United បានសម្រេចចិត្តប្តូរសណ្ឋាគារភ្លាមៗដោយសារខ្លាចឆ្លងកូរ៉ូណាវីរុស។ ការសម្រេចចិត្តមួយនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្លិបទទួលដំណឹងថានៅសណ្ឋាគារដែលពួកគេបម្រុងនឹងសម្រាកនោះត្រូវបានលោក Rafa Benitez និងក្រុមថ្មីរបស់លោក Dalian Yifang FC ទើបតែស្នាក់នៅប៉ុន្មានថ្ងៃមុន។

យោងតាម Mail Online បានឲ្យដឹងថា ក្រុមបិសាចក្រហមបម្រុងនឹងស្នាក់នៅសណ្ឋាគារ Westin La Quinta Golf Resort & Spa ស្ថិតក្នុងក្រុង Benahavis ប្រទេសអេស្បាញ។ ប៉ុន្តែពួកគេស៊ើបដឹងថា លោក Benitez និងក្រុមចិនរបស់គាត់បានស្នាក់នៅទីនោះប៉ុន្មានថ្ងៃមុនទើបសម្រេចចិត្តប្តូរទីតាំងភ្លាមៗ។ នៅពេលនេះម្ចាស់ជើងឯក Premier League ២០ ជំនាន់មួយនេះកំពុងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ឈ្មោះ Kempinski ក្បែរឆ្នេរ Estepona។ វាមិនមែនជាលើកទីមួយទេដែលក្រុម Man Utd រងនូវភាពភ័យខ្លាចដោយសារកូរ៉ូណាវីរុសនេះ។ សារព័ត៌មាន The Mirror បានរាយការណ៍ឲ្យដឹងថា កីឡាករចំណូលថ្មី Odion Ighalo ត្រូវបានហាមមិនឲ្យចូលក្នុងទីលានហ្វឹកហាត់ Carrington ឡើយ បន្ទាប់ពីធ្វើដំណើរមកដល់ទីក្រុង Manchester ក្រោយខ្ចីជើងពីក្រុម សៀងហៃស៊ិនហួ នៅលីគកំពូលប្រទេសចិន។ មុននេះសារព័ត៌មាន SunSport បានរាយការណ៍ឲ្យដឹងថា Igahlo មិនត្រូវបានក្លិបអនុញ្ញាតឲ្យមកហ្វឹកហាត់រដូវរងារនៅប្រទេសអេស្បាញទេដោយសារខ្លាចអាជ្ញាធរអង់គ្លេសហាមមិនឲ្យត្រឡប់ចូលស្រុកវិញបន្ទាប់ពីហ្វឹកហាត់រួចធ្វើឲ្យក្រុមខាតបង់កីឡាករដ៏សំខាន់រូបនេះ។ 

Ighalo ត្រូវបានបញ្ជូនឲ្យទៅហ្វឹកហាត់ដាច់ដោយឡែកពីគេក្នុងទីតាំងផ្សេងមួយទៀត ប៉ុន្តែស្ថិតក្នុងទីក្រុង Manchester ដដែល។ លោក Ole Gunnar Solkjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហមបានប្រាប់ឲ្យដឹងថា ក្លិបបានរៀបចំឲ្យ Ighalo ស្នាក់នៅកន្លែងមួយដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃបន្ទាប់ពីគេចាកចេញពីប្រទេសចិនមកដល់ទីក្រុង Manchester ដូច្នេះយើងមិនហ៊ាននាំគេមកហ្វឹកហាត់រដូវរងារនៅប្រទេសអេស្បាញជាមួយឡើយ ពីព្រោះខ្លាចពិបាកនាំគេត្រឡប់ចូលប្រទេសអង់គ្លេសវិញដោយសារបច្ចុប្បន្នអាជ្ញាធរកំពុងតែរឹតបន្តឹងខ្លាំងលើការចេញចូលបរទេស ពិសេសអ្នកដំណើរមកពីចិនតែម្តង។

ក្លិបបាល់ទាត់ទាំងអស់នៅប្រទេសអង់គ្លេសកំពុងតែបារម្ភរឿងអាជ្ញាធរកំពុងរឹតបន្តឹងទៅលើកីឡាករជនបរទេសចេញចូលក្នុងប្រទេសបន្ទាប់ពីអង្គការសុខភាពពិភពលោក WHO ប្រកាសអាសន្នពីបញ្ហារីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយកូរ៉ូណាវីរុសនេះ។ ក៏សូមបញ្ជាក់ផងដែរថា ភាគច្រើនក្លិបធំៗនៅប្រទេសអង់គ្លេស និងនៅតំបន់អឺរ៉ុបខាងជើងមួយចំនួនដែលមានអាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងារនោះ ជារឿយៗស្វែងរកទីតាំងណាមួយក្នុងតំបន់ដែលមិនសូវមានអាកាសធាតុចុះត្រជាក់ខ្លាំងដើម្បីហ្វឹកហាត់ត្រៀមប្រកួត។

ដូចពេលនេះក្រុមបិសាចក្រហមជ្រើសយកទីតាំងមួយក្នុងប្រទេសអេស្បាញដើម្បីធ្វើការហ្វឹកហាត់រដូវរងារ ដោយសារនៅទីនោះមានអាកាសធាតុល្អសមរម្យអាចហ្វឹកហាត់បាន មិនដូចអាកាសធាតុនៅប្រទេសអង់គ្លេសនាពេលនេះដែលកំពុងតែចុះត្រជាក់រហូតដល់ក្រោមសូន្យអង្សាសេ។