About Me

header ads

កុមារតឿដែលត្រូវគេវាយធ្វើបាបនៅសាលានោះបានឱកាសដឹកដៃកីឡាករបាល់ឱបអូស្ត្រាលីស្របតាមក្តីស្រម៉ៃរបស់ខ្លួន

ក្មេងប្រុសអាយុ៩ឆ្នាំជនជាតិអូស្ត្រាលីម្នាក់បានបង្ហាញខ្លួនជាលើកដំបូងបំផុតក្នុងជីវិតនៅកណ្តាលវេទិកាលើទីលានបាល់ឱប បន្ទាប់ពីពិភពលោកបានឃើញវិដេអូរបស់ក្មេងម្នាក់នេះដែលត្រូវគេវាយធ្វើបាបនៅសាលាយ៉ាងអាណោចអាធម៌ទីបំផុត។ Quaden Bayles ជាកុមារតឿត្រូវគេវាយធ្វើបាបនោះទទួលបានឱកាសដឹកដៃកីឡាករបាល់ឱបដើរចេញមកក្រៅទីលានក្នុងជំនួបប្រកួតរវាងក្រុម Queensland និង New Zealand Maoris។ ម្តាយរបស់ Quaden បានប្រាប់ថា កូនប្រុសរបស់លោកស្រីតែងតែមានក្តីស្រម៉ៃចង់ក្លាយជាតារាបាល់ឱបដ៏ល្បីម្នាក់។ ប៉ុន្មានថ្ងៃមុនម្តាយរបស់គេបានបង្ហោះ
វីដេអូមួយពីសភាពរបស់កូនប្រុសខ្លួនអង្គុយយំយ៉ាងក្តុកក្តួល និងស្រែកខ្លាំងៗថាចង់សម្លាប់ខ្លួនបន្ទាប់ពីត្រូវគេវាយធ្វើបាបនៅសាលា។ បន្ទាប់ពីបានឃើញវីដេអូនេះ តារាល្បីៗជាច្រើនបាននាំគ្នាគាំទ្រ និងលើកទឹកចិត្តដល់រូបគេ ហើយសប្បុរសជនជាច្រើននាក់បាននាំគ្នារៃអង្គាសថវិកាបានរាប់ពាន់ដុល្លារដើម្បីបញ្ជូនគេទៅ Disneyland។


បន្ទាប់ពីខ្សែការពាររបស់ក្រុម Rabbitoh កីឡាករ Latrell Mitchell បានបង្ហោះវីដេអូមួយអញ្ជើញ Quaden ឲ្យមកចូលរួមដឹកដៃកីឡាករដើរចេញមកទីលានប្រកួតនោះ ម្តាយរបស់គេប្រាប់ថា Quaden រំភើបស្ទើរហោះ ព្រោះវាជាថ្ងៃដ៏វិសេសវិសាលបំផុតក្នុងជីវិតរបស់គេ។ Latrell Mitchell បាននិយាយក្នុងវីដេអូថា៖ ពួកយើងនឹងគាំទ្រក្មួយ ហើយពួកយើងចង់ឲ្យក្មួយសប្បាយចិត្តឡើងវិញ...ពួកយើងចង់នៅក្បែរក្មួយ ដូច្នេះពួកយើងអញ្ជើញក្មួយឲ្យមកចូលរួមក្នុងការប្រកួតរបស់យើងនៅចុងសប្តាហ៍នេះ។ កុមារតឿ Quaden បានកាន់ដៃប្រធានក្រុម Joel Thompson ដើរចេញមកខាងក្រៅទីលានទទួលបានការគាំទ្រជាសំឡេងស្រែកហ៊ោកញ្ជ្រៀងកងរំពងពេញកីឡដ្ឋាន។ ក្នុងការប្រកួតនោះ Maori All Stars បានយកឈ្នះគូប្រកួតដោយលទ្ធផល ៣០-១៦។


ម្តាយរបស់កុមារតឿ Quaden បាននិយាយនៅសន្និសីទកាលពីថ្ងៃសុក្រថា កូនប្រុសលោកស្រីបានឆ្លងកាត់ថ្ងៃអាក្រក់បំផុតក្នុងជីវិតទៅជាថ្ងៃដ៏វិសេសបំផុតក្នុងជីវិតរបស់គេ។ សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន លោកស្រី Bayles បានបង្ហោះវីដេអូរបស់កូនប្រុសគាត់ត្រូវគេវាយធ្វើបានពេលលោកស្រីទើបតែទទួលគេចេញពីសាលាវិញ ហើយវីដេអូរយៈពេល៦នាទីនោះទទួលបានការចូលមើលរាប់លានដងឯណោះ។ លោកស្រីបាននិយាយក្នុងវីដេអូនោះថា៖ នេះហើយជាផលវិបាកនៃការវាយធ្វើបាបក្មេង ជិះជាន់ សំឡុមគំរាមកំហែងរហូតធ្វើឲ្យគ្នាលែងចង់រស់ទៀត។ តារាល្បីៗជាច្រើនរួមទាំងតារាភាពយន្តល្បី Huge Jackman តារាបាល់បោះដ៏ឆ្នើម Enes Kanter សុទ្ធតែចេញមុខប្រតិកម្មចំពោះរឿងនេះ ខណៈដែលឪពុកម្តាយនៅតាមបណ្តាប្រទេសជាច្រើនបាននាំគ្នាចែករំលែកវីដេអូជាសារទៅកាន់កូនៗរបស់ខ្លួន។ លោកស្រី Bayles សង្ឃឹមថាបទពិសោធន៍ដែលកូនប្រុសលោកស្រីបានឆ្លងកាត់ពេលនេះនឹងពញាក់ស្មារតីដល់ឪពុកម្តាយ និងគ្រូបង្រៀននៅសាលាទាំងអស់យកចិត្តទុកដាក់ឲ្យខ្លាំងបំផុតទៅលើការអំពើរំលោភបំពានលើកុមារតាមរយៈការសំឡុតគំរាមកំហែងក្មេងតូចៗនៅសាលាពីសំណាក់បក្សពួកបងធំបងតូច។