About Me

header ads

ថ្ងៃសម្រាកចុងសប្តាហ៍ ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន សម្អាតអនាម័យសាធារណៈ ដើម្បីលើកកំពស់សោភ័ណភាពខេត្ត

ប៉ៃលិន៖ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលជាថ្ងៃសម្រាកចុងសប្តាហ៍ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពជំនាញជុំវិញខេត្ត បានអញ្ជើញចុះរៀបចំសណ្តាប់ធ្នាប់ និងសម្អាតអនាម័យសាធារណៈ នៅចំនុចស្តេចកន ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីលើកកំពស់សោភ័ណភាពខេត្ត។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការរួមគ្នាធ្វើអនាម័យបរិស្ថាននាពេលនេះ គឺជាការដាស់តឿន និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្តឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសគឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនតាមខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព។ សូមបញ្ជាក់ថា រយៈពេល ១ព្រឹក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពជំនាញជុំវិញខេត្ត ប្រមាណជាង ១០០នាក់ ដោយសហការជាមួយក្រុមហ៊ុនអនាម័យខេត្ត បានធ្វើការសម្អាតអនាម័យ តាមដងផ្លូវចាប់ពីចំនុចស្តេចកន រហូតដល់ផ្លូវបំបែករថក្រោះឆេះ ស្ថិតក្នុងឃុំស្ទឹកកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។