About Me

header ads

អាងហែលទឹកខ្នាតអន្តរជាតិ កសាងអស់ទឹកប្រាក់ខ្ទង់ ៣៦ម៉ឺនដុល្លារ ធ្វើរួចរាល់នៅខេត្តកណ្តាល

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាព ការសាងសង់អាងហែលទឹក រួមដំណើរដោយមន្រ្តីសហព័ន្ធ និងមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅពហុកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ តាមការឲ្យដឹងពីលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ពីវឌ្ឍនភាពនៃការសាង់នេះ បើគិតដល់ពេលនេះ គឺរួចរាល់ជាស្ថាពរហើយ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានចុះពិនិត្យគុណភាព និងបញ្ហាសំណង់ផ្សេងៗ មានគុណភាពល្អទាំងអស់ ទៅតាមស្ពង់ដាការសាងសង់ ដែលសហព័ន្ធបានកំណត់មុនសាងសង់ ហើយបច្ចេកទេសសាងសង់វិញ គឺត្រូវទៅតាមក្បួនខ្នាតនៃអាងហែលទឹកអន្តរជាតិ ខ្នាតតូច ដោយមានបណ្តាយ ២៥ម៉ែត្រ នឹងទទឹង ២០ម៉ែត្រ ខែ្សបន្ទាត់ទាំងអស់មានចំនួន៨ខ្សែ មានជម្រៅ ២ម៉ែត្រ ជាពិសេស អាងហែលខ្នាតអន្តរជាតិ ខ្នាតតូចនេះ អាចប្រកួតទាំងវិញ្ញាសាកីឡាហែលទឹកនិងវិញ្ញាសាបាល់ទឹក(Water Polo)បានដូចគ្នាផងដែរ។ បន្ថែមពីនេះទៀត លោក ហែម គិរី បានបន្តឲ្យដឹងផងដែរថា ចំពោះគ្រឿងបរិក្ខារបំពាក់បន្ថែមមានដូចជា ធ្វើទ្វារបិទ បើក ដាក់អំពូលភ្លើងជាដើម។ ចំណែកតម្លៃនៃការសាងសង់អាងហែលទឹកខ្នាតអន្តរជាតិនេះ លោក ហែម គិរី បានបញ្ជាក់ថាអស់ប្រមាណជាង ៣៦ម៉ឺនដុល្លាអាមេរិច។ សូមបញ្ជាក់ថា អាងហែលទឹកតម្លៃប្រមាណ ៣៦ម៉ឺនដុល្លារ ដែលជាសមិទ្ធិផលថ្មីសន្លាងមួយទៀត បានចាប់ផ្តើមសាងសង់ឡើងកាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩កន្លងទៅ ដើម្បីបម្រើជាប្រយោជន៍ដល់សិស្សានុសិស្សជា កូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ក៏ដូចជា កីឡាករហែលទឹកអាចហ្វឹកហាត់កីឡាដើម្បីសុខភាព និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕