រថយន្ត កាមរីបាឡែនត្រូវម៉ូតូបុកពេញទំហឹងបន្តទៅឡើងលើសួនច្បារចែកទ្រូងផ្លូវបួសធ្ងន់ស្រាលពីរនាក់

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់រថយន្តបន្តទៅមុខឡើងលើសួនច្បារចែកទ្រូងផ្លូវម្ចាស់រថយន្តរបួសបែកបែកមាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅចំណុចស្តុបណតប្រីត តាមបណ្ដោយផ្លូវ ២០០៤ កែងនិងផ្លូវណតប្រីត នៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AO-7200 ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1BK-4858 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ ចំណែករថយន្តមិនទាន់អស់ល្បឿនលឿនជ្រុលទៅមុខប្រមាណជាង ១០០ ម៉ែត្រឡើងទៅលើសួនច្បារចែកទ្រូងផ្លូវទៅមុខលែងរួចនិងបណ្តាលឲ្យម្ចាស់រថយន្តរងរបួសបែកមុខបែកមាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការឃាត់ម្ចាស់រថយន្តទុកបណ្ដោះអាសន្នរួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ៕