សោកស្ដាយណាស់! វេន សុភ័ក្រ ឲ្យឱកាស ណាម ម៉ូរ៉ាក់ ឡើងទៅជុំទី៣

សោកស្ដាយណាស់! វេន សុភ័ក្រ ឲ្យឱកាស ណាម ម៉ូរ៉ាក់ ឡើងទៅជុំទី៣ ដោយស្វ័យប្រវត្តិ ដោយសារតែ ...
កីឡាករប្រដាល់គុនខ្មែរម្ចាស់មេដាយមាសថា្នក់ជាតិឆ្នាំ២០១៩ លើប្រភេទទម្ងន់ ៦០គីឡូក្រាមកីឡាករ វេន សុភ័ក្រ អស់ឱកាសនិងអនុញ្ញាតឲ្យដៃគូរបស់គេកីឡាករ ណាម ម៉ូរ៉ាក់ ឡើងទៅជុំទី៣ ដោយស្វ័យប្រវត្តិក្នុងកម្មវិធីជើងឯក Knock Out Series by K-Cement រដូវកាលទី៧ ជុំទី២។

តាមការបញ្ជាក់ពីលោក អូឡាឡា ជំនួយការអ្នករៀបចំកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា វេន សុភ័ក្រ ចាប់ផ្តើមមិនស្រួលខ្លួនពេលកៀកថ្ងៃប្រកួត។ លុះពេលទៅពិនិត្យឃើញរលាកខ្នែងពោះវៀនតម្រូវឲ្យធ្វើការវះកាត់ជាបន្ទាន់។

ក្នុងពេលនេះ សុភ័ក្រ បានវះកាត់ជោគជ័យហើយ ប៉ុន្តែនៅត្រូវសម្រាកព្យាបាលបន្តទៀតពីសំណាក់ក្រុមគ្រូពេទ្យដើម្បីរង់ចាំឲ្យមុខរបួសវះកាត់ជាសះស្បើយ១០០% ទើបអាចឡើងសង្វៀនវិញបាន ស្របពេលដែលកាលបរិច្ឆេទប្រកួតរបស់គេនឹងចូលមកដល់នៅថ្ងៃសៅរិ៍នេះតែម្តង។

វាជារឿងមួយដ៏គួរឲ្យសោកស្តាយដែលកម្មវិធីបាត់បង់កីឡាករល្អដូចជារូបគេ ប៉ុន្តែកម្មវិធីគ្មានជម្រើសអ្វីផ្សេងក្រៅពីបង្ខំចិត្តអនុវត្តតាមច្បាប់ដែលបានរៀបចំទុកមុនដំណើរការកម្មវិធីឡើយ។ សូមបញ្ជាក់ថា កម្មវិធី TV5 Knock Out Series by K-Cement រដូវកាលទី៧នេះបានឈានមកដល់ជុំទី២ហើយ ដោយកីឡាករចំនួន១៦នាក់ត្រូវប្រកួតដណ្តើមកៅអីទៅជុំទី៣បន្តទៀត ហើយក្នុងជុំទី២នេះនឹងមានកីឡាករចំនួន៨នាក់ទៀតត្រូវជម្រុះចេញពីកម្មវិធី។

ក្នុងជុំទី២នេះមានទាំងអស់ចំនួន៨គូ ហើយកម្មវិធីរកឃើញជើងខ្លាំង២នាក់រួចហើយដែលត្រូវបន្តដំណើរទៅជុំទី៣គឺកីឡាករ រិន សារ័ត្ន និង ខាំ សាបាន។

ចំណែកឯសប្តាហ៍នេះមានការប្រកួតចំនួន២គូទៀតរវាងកីឡាករ សោម ស៊ីថៃ និង វ៉ែន ហុងជីវ៉ង់ និង១គូទៀតរវាងកីឡាករ ណាម ម៉ូរ៉ាក់ និង វេន សុភ័ក្រ ប៉ុន្តែដោយសារ វេន សុភ័ក្រ ត្រូវវះកាត់មិនអាចឡើងសង្វៀនប្រកួតបានធ្វើឲ្យ ណាម ម៉ូរ៉ាក់ មានឱកាសឡើងទៅជុំទី៣ដោយស្វ័យប្រវត្តិ ប៉ុន្តែកម្មវិធីបានរៀបចំយកមិត្តរួមក្លិបរបស់ វេន សុភ័ក្រ ដែលជាម្ចាស់ជើងឯក Knock Out Series រដូវកាលទី៦ កីឡាករ កូយ ឡាយ មកប្រកួតជំនួសវិញ។

សូមបញ្ជាក់បន្ថែមពីច្បាប់នៃកម្មវិធីក្នុងរដូវកាលទី៧នេះ គណៈកម្មការបានកំណត់យកប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ហើយគណៈកម្មការតម្រូវឲ្យកីឡាករទាំង៣២នាក់ថ្លឹងទម្ងន់ឲ្យបានត្រឹម៦៣.៥គីឡូក្រាមមុនពេលប្រកួតយ៉ាងហោច១២ម៉ោង។ ចំពោះកីឡាករណាដែលមិនអាចរក្សាទម្ងន់បាននឹងត្រូវដកសិទ្ធិប្រកួត ហើយឲ្យដៃគូដែលរក្សាទម្ងន់បានល្អឡើងទៅជុំបន្ទាប់ដោយស្វ័យប្រវត្តិ​ ៕​