About Me

header ads

ខេត្តមណ្ឌលគិរី៖ ឆ្នាំ២០១៩កន្លងទៅនេះសកម្មភាពផលិតស្រូវអង្ករនៅខេត្តមណ្ឌលគិរី ហាក់មានការថមថយជាងឆ្នាំ២០១៨ ខណៈដំណាំកសិឧស្សាហកម្មមានកំនើនបន្តិចបន្តួច។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើការបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំឆ្នាំ២០១៩ និងធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលសកម្មភាពការងារ នៃការអនុវត្តតួនាទីភារកិច្ចជាជំនាញរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្នុងឆ្នាំ២០១៩ កន្លងមក និងធ្វើការផ្សព្វផ្សាយអំពីលទ្ធផលការងារ និងសមិទ្ធផលនានា ដែលបានអនុវត្ត លើកឡើងអំពីចំនុចខ្លាំង ចំនុចខ្សោយ  បញ្ហាប្រឈម សំណើរសំណូមពរ និង ការផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាទៅវិញទៅមកលើវិស័យកសិកម្ម ដើម្បីរួមសហការគ្នាក្នុងការស្វែងរកនូវដំណោះស្រាយ។

លោក អភិបាលរងខេត្ត ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តដាក់អនុវត្តការងារទៅតាមជំនាញ និងតួនាទី ភារកិច្ចរៀងៗខ្លួនឱ្យបានល្អប្រសើរ ជាពិសេស លើការងារដាំដុះដំណាំកសិ-ឧស្សាហកម្ម ការងាររុក្ខកម្ម និងការងារជលផល ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពធូរធាន និងត្រូវចូលរួមទប់ស្កាត់ និងបង្ការឆ្លងរីករាលដាលជំងឺសត្វ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផលជាដើម។

លោក សុង  ឃាង ប្រធានមន្ទីរកសិកម្មបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ មន្ទីរបានអនុវត្តសកម្មភាព បណ្តុះបណ្តាលផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ទស្សនកិច្ចសិក្សា ចុះចាក់វ៉ាក់សាំង ចុះព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក បញ្ជាក់ថា ការងារដាំដុះស្រូវវស្សា និងស្រូវប្រាំង បានចំនួន ២២.៩៨៨ហិកតា  តិចជាងឆ្នាំមុន ២.៦៧១ហិកតា ដំណាំរួមផ្សំ និងដំណាំឧស្សាហ៍កម្ម អនុវត្តលើផ្ទៃដីសរុបចំនួន ២២.៩៨៥ហិកតា កើនលើស ១៨១ហិកតា ដំណាំអចិន្ត្រៃយ៍ អនុវត្តលើផ្ទៃដីចំនួនសរុប ១២.៥៧៥ ហិកតា កើនលើសឆ្នាំមុនចំនួន ៣.៣៤៦ហិកតា ដំណាំកៅស៊ូគ្រួសារមានផ្ទៃដីដាំដុះចំនួណ១១.៣០៥ហិកតា និងដំណាំកៅស៊ូក្រុមហ៊ុនចំនួន ០៦ក្រុមហ៊ុន ផ្ទៃដីប្រមូលផលសរុបចំនួន ៥.២៨៦ហិកតា​ ៕​