About Me

header ads

ពិធីប្រគល់ ទទួលបច្ច័យ ទេយ្យទានពីព្រះសង្ឃដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក

ខេត្តស្វាយរៀង៖ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយ ដែលបង្ករដោយគ្រោះធម្មជាតិផ្សេងៗនៅថ្ងៃពុធ ១១រោច ខែមាឃឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០  ព្រះតេជគុណព្រះនាម រស់ ឌី ព្រះបាឡាត់គណៈខេត្តស្វាយរៀង និងអនុគុណស្រុករមាសហែក  រួមជាមួយមន្ត្រីសង្ឃស្រុក និងចៅអធិការទាំង ៥២ វត្តទូទាំងស្រុក មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាបានយកបច្ច័យ និងទេយ្យទាន ចំនួន ២៩ មុខ គិតជាថវិកាចំនួន ៤,៥០០,០០០ រៀល  ដល់អនុសាខាស្រុករមាសហែក សម្រាប់ត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយ ។

ព្រះគ្រូ រស់ ឌី បានមានថេរដីការ គាំទ្ររាល់សកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ជាពិសេស កាកបាទក្រហមកម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការខិតខំប្រឹងប្រែងជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗដោយមិនប្រកាន់ពីជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សំបុរ ឬនិន្នាការ នយោបាយឡើយ ទើបថ្ងៃនេះព្រះអង្គរមាននូវទេយ្យទានបន្តិចបន្តួច ដែលបានមកពីសទ្ធាជ្រះថ្លារបស់បងប្អូនជាពុទ្ធបរិស័ទ ប្រគល់ជូនអនុសាខាស្រុក ដើម្បីរួមចំណែកជួយសម្រាលនូវរាល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ។

មានប្រសាសន៍ក្នុងពិធីទទួលទេយ្យទាន នោះលោក ស៊ូ ម៉ុល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុករមាសហែក បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ឧបាសក ឧបាសិកា ដែលមានព្រះទ័យ និងទឹកចិត្តបានយកបច្ច័យ និងសម្ភារទាំងអស់នេះមកប្រគល់ជូនដល់អនុសាខាកាកបាទក្រហមស្រុក ដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ។

លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មធិការសាខាប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គតែងតែ ផ្សារភ្ជាប់គាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ។

លោក ស៊ូ ម៉ុល បានជម្រាបប្រគេន អំពីសកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយ ភាពឈ្លាសវៃនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រមុខ គឺទទួលបានការជឿជាក់គាំទ្រពីសំណាក់សប្បុរសជន គ្រប់មជ្ឍដ្ឋាន ដែលធ្វើឲ្យស្ថាប័នមនុស្សធម៌នេះមានការរីកចំរើនលូតលាស់តាំងពីថ្នាក់ជាតិរហូតដល់ ថ្នាក់មូលដ្ឋានមិនត្រឹមតែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសកម្មជាជំនួយការឲ្យ អាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ថែមទៀតផង ។

ចុងបញ្ចប់លោក ស៊ូ ម៉ុល បានសន្យាថា អំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន ។