About Me

header ads

ពេលមានទុក្ខធំសូម្បីតែកីឡដ្ឋានក៏ត្រូវបង្ខំយកមកប្រើប្រាស់សម្រាប់ដាក់គ្រែពេទ្យដែរ

អាជ្ញាធរទីក្រុងវ៉ូហានកំពុងតែប្រវេសប្រវាសយកកីឡដ្ឋាន និងមជ្ឈមណ្ឌលកីឡា១១កន្លែង រួមទាំងសាលតាំងពិរពណ៌ អាគារប្រជុំ និងសាលសន្និសីទក្នុងតំបន់ជាច្រើនកន្លែងសម្រាប់ដាក់គ្រែពេទ្យចំនួន១ម៉ឺនគ្រែដើម្បីបង្កើតជាទីកន្លែងសម្រាកព្យាបាលបណ្តោះអាសន្នជូនអ្នកជំងឺដែលឆ្លងមេរោគ
កូរ៉ូណា។ នេះបើតាមប្រភពពីគេហទំព័រ Business Insider។ ទីក្រុងវ៉ូហាន នៃសាធារណរដ្ឋប្រជាមានិតចិនដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃ មេរោគរលាកសួតថ្មីដែលបង្កឡើងដោយកូរ៉ូណាវីរុសនោះ គិតមកទល់ពេលនេះបានឆក់យកអាយុជីវតមនុស្សជាង៥០០នាក់ហើយ ថែមទាំងរាលដាលទៅជាង២០ប្រទេសទៀតផ្សេងទៀតធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងច្រើនជាង២ម៉ឺននាក់ ក្នុងនោះអ្នកជំងឺជាង២ម៉ឺននាក់នៅប្រទេសចិនកំពុងតែប្រឈមនឹងបញ្ហាខ្វះទីកន្លែងសម្រាប់សម្រាកព្យាបាលដោយសារមន្ទីរពេទ្យនានាកំពុងតែចង្អៀតស្ទើរដើរជៀសគ្នាមិនរួចទើបធ្វើឲ្យអាជ្ញាធរក្រុងវ៉ូហានសម្រេចយកកីឡដ្ឋាន មជ្ឈមណ្ឌលកីឡា អាគារប្រជុំ និងិសាលសន្និសីទជាច្រើនកន្លែងក្នុងតំបន់ដើម្បីដាក់គ្រែពេទ្យចំនួន១ម៉ឺនគ្រែសម្រាប់ទទួលអ្នកជំងឺឲ្យចូលសម្រាកព្យាបាលបណ្តោះអាសន្នសិន។ ប្រភពព័ត៌មានរបស់រដ្ឋបានឲ្យដឹងកាលពីរាត្រីចន្ទថា កីឡដ្ឋានទីក្រុងវ៉ូហាន សាលតាំងពិរពណ៌ សាលសន្និសីទ និងអាគារវប្បធម៌ជាច្រើនកន្លែងទៀតបាននឹងកំពុងតែបំប្លែងខ្លួនទៅជាមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ដាក់អ្នកជំងឺ ហើយគិតមកត្រឹមយប់អាធ្រាត្រថ្ងៃចន្ទនោះគ្រែពេទ្យចំនួន៣,៤០០គ្រែហើយដែលបានដាក់បញ្ចូលទៅតាមទីតាំងដែលបានរៀបចំរួច។ លុះឈានមកដល់ព្រឹកថ្ងៃអង្គារ អាជ្ញាធរបានបន្ថែមទីតាំងធំៗចំនួន៨កន្លែងទៀតដើម្បីដើរតួនាទីជាមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ព្យាបាលអ្នកជំងឺរលាកសួតប្រភេទថ្មីនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន ស៊ិនហួ របស់ចិន។ ទីកន្លែងដែលត្រូវបានបំប្លែងជាមន្ទីរបណ្តោះអាសន្នទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្តល់ការសង្គ្រោះបឋម ការព្យាបាលដើម្បីទប់ស្កាត់ និងផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់តែអ្នកជំងឺដែលកំពុងមានរោគសញ្ញាស្រាលនៅឡើយប៉ុណ្ណោះ សម្រាប់អ្នកឈឺធ្ងន់នៅតែត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យធំដើម្បីទទួលការសង្គ្រោះបន្ទាន់។