About Me

header ads

ឯម សុវណ្ណរី ឈ្នះមេដាយមាស១ ខណៈ ជេសា ខាន់ ត្រៀមដណ្តើមមេដាយមាស១គ្រឿងដែរ

កីឡាការិនីខ្មែរសញ្ជាតិអាមេរិក២រូបកំពុងតែល្បីខ្លាំងក្នុងវិញ្ញាសាជឺជីតស៊ូលើឆាកអន្តរជាតិ
កីឡាការិនីខ្មែរសញ្ជាតិអាមេរិក២រូបកំពុងតែអុកឡុកនៅក្នុងពិភពក្បាច់គុនជឺជីតស៊ូនៅលើឆាកអន្តរជាតិនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយពួកនាងដណ្តើមមេដាយមាសជាច្រើនបន្តបន្ទាប់។ ក្នុងនោះកីឡាការិនី ឯម សុវណ្ណារី ដែលបងប្អូនភាគច្រើនស្គាល់ថាជាកីឡាការិនីយុទ្ធគុនចម្រុះ MMA នោះទើបតែដណ្តើមបានមេដាយមាស១គ្រឿងកាលពី១កុម្ភៈកន្លងទៅក្នុងព្រឹត្តិការណ៍ All Americas Ju Jitsu Tournament ដែលរៀបចំឡើងនៅលើទឹកដីសហរដ្ឋអាមេរិក។ ឯម សុវណ្ណរី ប្រឡូកក្នុងវិស័យកីឡាជឺជីតស៊ូនេះ៤ឆ្នាំមកហើយដោយមានប្រវត្តិប្រកួតបាន២៧ដង ឈ្នះរហូតដល់ទៅ១៨ដង ក្នុងនោះផ្តួលដៃគូឲ្យបោះបង់ការប្រកួតចំនួន៩ដង និងធ្លាប់ចាញ់ត្រឹមតែ៩ដងប៉ុណ្ណោះ ខណៈដែលប្រកួតចុងក្រោយនេះនាងបានយកឈ្នះគូប្រកួតដែលជាកីឡាការិនីថ្នាលវ័យ១៥ឆ្នាំប៉ុណ្ណោះធ្វើឲ្យនាងដណ្តើមបានជ័យលាភីលេខ១ ក្នុងប្រភេទក្រុមខ្សែក្រវ៉ាត់ពណ៌ខៀវ ទម្ងន់ស្រាល លើវិញ្ញាសា No Gi បានន័យថាប្រកួតដោយមិនស្លៀកឯកសណ្ឋានប្រពៃណីជឺជីតស៊ូឡើយ ពោលគឺនាងត្រូវពាក់ខោអាវរឹប១ឈុតតែម្តង។ ទៅណាមិនឆ្ងាយពីទឹកដីអាមេរិកឡើយ កីឡាការិនី ជេសា ខាន់ ក៏កំពុងតែត្រៀមលក្ខណៈប្រកួតជាមួយជើងខ្លាំងម្នាក់ទៀតដែរក្នុងកម្មវិធី នរណាជាជើងឯកលេខ១ ឬ Who is Number 1 ដែលការប្រកួតនឹងធ្វើនៅថ្ងៃសៅរិ៍ ទី៨ខែមុខនេះ។ ជេសា ខាន់ ត្រូវបានគេទទួលស្គាល់ថាជាកីឡាការិនីវ័យក្មេងដ៏ឆ្នើមម្នាក់ក្នុងចំណោមកីឡាការិនីវ័យក្មេងជាច្រើននាក់ទៀតដោយផ្អែកលើសម្មិទ្ធផលដែលនាងសម្រេចបានក្នុងរយៈពេលចុងក្រោយនេះដោយនាងធ្លាប់ដណ្តើមបានមេដាយមាសទាំងនៅទ្វីបអាមេរិកខាងជើង ទាំងនៅអឺរ៉ុប និងនៅអារ៉ាប់ នាងប្រមូលយកស្ទើរគ្រប់កម្មវិធីធំៗទាំងអស់តាំងពីនាងស្ថិតក្នុងក្រុមខ្សែក្រវ៉ាត់ពណ៌ខៀវ និងស្វាយម្ល៉េះទើបធ្វើឲ្យលោក Guillerme Mendes គ្រូបង្ហាត់ជឺជីតស៊ូកម្រិតខ្សែក្រវ៉ាត់ខ្មៅពិភពលោកបានសម្រេច
តំឡើងខ្សែក្រវ៉ាត់ពណ៌ត្នោតឲ្យជេសា ហើយកីឡាការិនីដែលមានឈាមជ័រជាខ្មែរម្នាក់នេះពិតជាមិនធ្វើឲ្យគ្រូបង្វឹកខកចិត្តឡើយដោយនាងបានបន្តឈ្នះមេដាយមាសបន្ថែមទៀត ជាក់ស្តែងកាលពីកីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីនកាលពីខែធ្នូឆ្នាំ២០១៩នោះ ជេសា ខាន់ ដណ្តើមបានមេដាយមាស១គ្រឿងទៀតជូនកម្ពុជា មុនឈានទៅដល់ដណ្តើមបានមេដាយមាស១គ្រឿងថែមទៀតពីកម្មវិធីជើងឯកទ្វីបអឺរ៉ុបនៅប្រទេសព័រទុយហ្គាល់កាលពីចុងខែមករាកន្លងទៅ។ នៅពេលនេះនាងនឹងត្រូវប៉ះជាមួយដៃគូដែលជាខ្លាំងម្នាក់ដែរឈ្មោះ Vicky Hoang នៅក្នុងកម្មវិធី Who is number 1? សូមបញ្ជាក់ថា Vicky បានចាញ់ពិន្ទុ ជេសា ម្តងរួចហើយក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីជើងឯកទ្វីបអឺរ៉ុបនៅប្រទេសព័រទុយហ្គាល់ដែលជាហេតុធ្វើឲ្យកីឡាការិនីរូបនេះចិញ្ចឹមចិត្តចង់សងសិក ជេសា យ៉ាងខ្លាំង។ ប្រសិនបើថ្ងៃសៅរិ៍នេះ ជេសា ខាន់ អាចយកឈ្នះ Vicky បានម្តងទៀតបានន័យថា កីឡាការិនីខ្មែរសញ្ជាតិអាមេរិកយើងអាចដណ្តើមបានមេដាយមាសដល់ទៅ២ក្នុងខែតែ១នៃដើមឆ្នាំ២០២០នេះ។