About Me

header ads

ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា និងក្រុមកាកបាទក្រហមឃុំប្រចាំអនុសាខាស្រុករមាសហែ និងអនុសាខាស្រុករំដួល

ខេត្តស្វាយរៀង៖នៅចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខាបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បានអញ្ជើញជាគណៈអធិបតីក្នុងពីធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាស្រុករមាសហែក ចំនួន ៨ នាក់ គណៈកម្មាធិការអនុសាខាចំនួន ១២ នាក់ និងក្រុមកាកបាទក្រហមឃុំចំនួន ៧៦ នាក់ សរុប ៩៦ អង្គ នាក់ ស្រី ៩ នាក់មកពី ១៦ ឃុំក្នុងស្រុករមាសហែក និងគណៈកិត្តិយសអនុសាខាស្រុករំដួល ចំនួន ១១ នាក់ គណៈកម្មាធិការអនុសាខា ចំនួន ៦ នាក់ និងក្រុមកាកបាទក្រហមឃុំចំនួន ៥០ នាក់ សរុប ៦៧ អង្គនាក់ ស្រី ១៣ នាក់ មកពី ១០ ឃុំក្នុងស្រុករំដួល ដែលពិធីនេះប្រារព្វធ្វើនៅសាលាស្រុករមាសហែក និងនៅសាលាស្រុករំដួល  ។

បន្ទាប់ពីលោក សរ វណ្ណា នាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់សមាស ភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាក្រុង រួចមកលោក ស៊ូ ម៉ុល ប្រធានកិត្តយសអនុសាខាស្រុករមាសហែក និងលោក សុ ខារ៉ាម ប្រធានគណៈកម្មាធិការអនុសាខាស្រុករំដួល មានចំណាប់អារម្មណ៍ និងបានផ្តាំផ្ញើដល់លោក លោកស្រីទាំងអស់ដែលទើបតែប្រកាសទទួលស្គាល់ថ្មី ត្រូវខិតខំប្រឹងប្រែងលើការងារមនុស្សធម៌ ដើម្បីផលប្រយោជន៍ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាបានសម្តែងនូវមនោសញ្ចេតនាដ៍កក់ក្តៅចំពោះ លោក លោកស្រី នៅក្នុងក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ស្ថាប័ននានាជុំវិញស្រុក ព្រះសង្ឃ អាជីវករ និងក្រុមប្រឹក្សាសង្កាត់ មានឆន្ទៈចូលរួមចែករំលែកពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋានដើម្បីជាសេនាធិការ ឱ្យសាខា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ។ 


លោកជំទាវបានបន្តទៀតថា តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគឺស្ថិតនៅត្រង់យើងទាំងអស់គ្នាមានឆន្ទៈជួយអ្នកដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលាមានប្រសិទ្ធិភាព និងមានតម្លាភាពរួមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ របស់កាកបាទក្រហមកម្ពុជាផងដែរ ។ បន្ទាប់ពីប្រកាសតាំងរួចសមាជិក សមាជិការទាំងអស់បានបន្តចូលរួមទទួលវគ្គយល់ដឹងជាមូលដ្ឋាន ស្តីពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងកាកបាទក្រហមកម្ពុជា ។