About Me

header ads

ប្រធានក្លឹបកីឡាស្គីក្តារ និងស្គីកង់ខេត្តប៉ៃលិន ដែលបានជ្រើសរើសកីឡាករត្រៀមប្រកួតថ្នាក់ជាតិ ធ្វើការចែកសម្លៀកបំពាក់ដល់កីឡាករ

ខេត្តប៉ៃលិន ៖ មុននឹងធ្វើការចែកសម្លៀកបំពាក់ដល់កីឡាករ កីឡាការិនី ស្គីក្តារ និងស្គីកង់ខេត្តប៉ៃលិនក្នុងក្លឹបស្គីមួយកាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ២០២០ នៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខណ:ខាងសហព័ន្ធតម្រូវឱ្យជ្រើសរើសកីឡាករចំនួន១៥នាក់ ដើម្បីត្រៀមប្រកួតថ្នាក់ជាតិ ។

លោក គង់ ចិន្តា អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តប៉ៃលិន បានអំពាវនាវដល់យុវជនទាំងអស់ ត្រូវនាំគ្នាចាប់អារម្មណ៍ លើកីឡាគ្រប់ប្រភេទ ព្រោះកីឡានាំមកនូវសុខភាពល្អ ស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានអនុសាសន៍ថា ពលរដ្ឋម្នាក់ គឺជាកីឡាករម្នាក់ ។ លោកបានណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវជួយជម្រុញបន្ថែមទៀត ដល់សិស្សានុសិស្ស ឱ្យងាកបែរទៅលេងកីឡា ធ្វើឲ្យរាងកាយរឹងមាំ មានស្មារតីរហ័សរហួន ប្រាជ្ញាវៀងវៃ ជាពិសេសកីឡា នាំឲ្យជៀសឆ្ងាយពីល្បែងឧបាយមុខផ្សេងៗ ដូចជា គ្រឿងញៀនជាដើម ។

លោកបានលើកទឹកចិត្តដល់កីឡាករកី ឡាការិនីទាំង១៥នាក់ ឲ្យយកពេលវេលាហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងជម្រើសជើងឯកថ្នាក់ខេត្ត ថ្នាក់ជាតិ ឆាប់ៗខាងមុខនេះ និងឈានរហូតដល់ថ្នាក់អន្តរជាតិផងដែរ ។

ចំណែកលោក ម៉ុក ឆេងឡុង ប្រធានក្លឹបរ៉ូល័រក្ងោកទេពប៉ៃលិន បានឱ្យដឹងដែរថា ក្លឹបនេះរៀបចំ ឡើងក្នុងគោលបំណងផ្សារភ្ជាប់កីឡាទៅនឹងវប្បធម៌ ការអប់រំ ការអភិវឌ្ឍសង្គម ដើម្បីកសាងកេរ្តិ៍ឈ្មោះ ឱ្យល្បីល្បាញទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។

លោកបន្តទៀតថា កីឡាករថ្នាល ជាកីឡាករវ័យក្មេងមានអាយុចាប់ពី១២ទៅ១៥ឆ្នាំ ដែលជាទំពាំងស្នងឫស្សី និងជាធនធានស្នូលរបស់ក្លឹបផងដែរ ។ លោក ក៏បានស្នើសុំគ្រូបង្វឹកមកពីប្រទេសថៃ ដើម្បីបង្ហាត់បង្រៀនដល់កីឡាករទាំងអស់ ឱ្យចេះស្ទាត់ជំនាញ និងឈានដល់ការប្រកួតថ្នាក់តំបន់ជាមួយប្រទេសជិតខាង ។

 លោកក៏ប្តេជ្ញាឱ្យកីឡាករកីឡាការិនីទាំងអស់ ត្រៀមខ្លួនយកមេដាយស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ដោយសារក ម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ហើយលោកក៏សង្ឃឹមថានឹងមានការចូល រួមយ៉ាងផុសផុល ពីសំណាក់ប្អូនៗក្មួយៗ ចុះឈ្មោះសុំចូលប្រកួត និងមានឱកាសក្លាយជាកីឡាករ អាជីពល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ ។

ជាចុងក្រោយ លោក គង់ ចិន្តា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន ក៏បានធ្វើ ការប្រគល់សម្លៀកបំពាក់កីឡា ជូនដល់កីឡាករ កីឡាការិនីទាំង១៥នាក់ ដោយម្នាក់ៗ ទទួលបាន១កំប្លេ ដើម្បីរក្សាទុកសម្រាប់ហ្វឹកហាត់ប្រចាំក្លឹបខាងលើ ។ 

សូមបញ្ជាក់ផងដែរថាកីឡាស្គីក្តារ និងស្គីកង់ ហៅជាភាសាបរទេសថា (ស្គែត) ត្រូវបានចុះក្នុងកម្មវិធីប្រកួតកីឡាថ្នាក់តំបន់ និងថ្នាក់ពិភពលោក ជាបន្តបន្ទាប់ដូចជាកីឡាឆ្នេរខ្សាច់ពិភពលោក ប្រទេសកាតា ឆ្នាំ២០១៩ កីឡា អាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន នាពេលកន្លងមកថ្មីៗ នេះផងដែរ ៕