About Me

header ads

តារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា បកស្រាយបទចម្រៀង ស្នេហ៍ឆ្លងវេហា ជាមួយតារាចម្រៀងថៃ

តារាចម្រៀងវ័យក្មេង លោក ម៉ា ច័ន្ទបញ្ញា បានមានវត្តមានបកស្រាយបទចម្រៀង ជាច្រើនបទ ដែលជាស្នាដៃព្រះរាជនិពន្ធរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋិ នៅសាលមហោស្រពចតុម្មុខ ក្នុងឱកាសការប្រគុំតន្រ្តីបទភ្លេងដើម្បីមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ រួមមានបទចម្រៀង រាត្រីជួបភ័ក្រ្ត ម៉ូនីកា កុលាបភ្នំពេញ និងបទ ព្រៃប្រសិទ្ធិ ជាដើម។
ក្នុងនោះ លោក ម៉ា ច័ន្ទបញ្ញា ក៏មានកិត្តិយសសម្តែងចម្រៀងពិសេសជាមួយនឹងតារាចម្រៀងថៃ ក្នុងចម្រៀងឆ្លងឆ្លើយមានចំណងជើងថា ស្នេហ៍ឆ្លងវេហា ឬរ៉ាក់ខាមខបហ្វា ជាភាសាថៃថែមទៀត។
បទ ស្នេហ៍ឆ្លងវេហា ជាចម្រៀងបង្ហាញពីមិត្តភាពដ៏ជិតស្និទ្ធរយៈកាលវែងរវាងកម្ពុជា និងថៃ ដែលបានដកស្រង់ចេញពីក្នុងខ្សែភាពយន្តមួយ ដែលមានតារាសម្តែងតំណាងកម្ពុជា គឺលោកស្រី ឌី សាវ៉េត និងតារាសម្តែងថៃលោក សម្បត្តិ មេថានី ជាតួឯកប្រចាំខ្សែភាពយន្ត។​ នេះជាលើកទី១ហើយ សម្រាប់តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា ក្នុងការបកស្រាយចម្រៀងជាចង្វាក់ Jazz នៃចម្រៀងរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋិ នៅចំពោះមុខភ្ញៀវកិត្តិយសជាច្រើនទាំងកម្ពុជា និងថៃ។ កម្មវិធីប្រគុំតន្រ្តីបទភ្លេងដើម្បីមិត្តភាព បានប្រព្រឹត្តកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងរម្លឹកខួប ៧០ ឆ្នាំនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការយាងអញ្ជើញចូលរួមដ៏ថ្លៃថ្លាពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងពីស្ថានឯកអគ្គរាជទូតថៃនៅកម្ពុជា ដែលជាអ្នករៀបចំកម្មវិធីនេះឡើង។





ក្រៅពីនេះ ភ្ញៀវកិត្តយសគ្រប់ជាន់ថ្នាក់ ក៏បានរីករាយសណ្តាប់ជាមួយនឹងបទចម្រៀងពីរោះជាច្រើនបទទៀត ដែលជាស្នាដៃនិពន្ធរបស់ព្រះបាទ សម្តេច ផ្រៈម៉ះហា ភូមិភុនអាក់ឌុនយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ សម្រាប់ប្រគុំនៅក្នុងរាត្រីនោះផងដែរ។

 

អត្ថបទដោយៈ សំណាង