About Me

header ads

សំណាងបានជប៉ុនជួយកុំអីកម្ពុជាក្លាយជាជនរងគ្រោះដោយសារអំពើពុករលួយរបស់សមាគមប្រដាល់សកលអន្តរជាតិ

ក្នុងឱកាសនៃការបង្កើតគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ាវយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ស្ថានភាពក្នុងសមាគមកីឡាប្រដាល់សកលអន្តរជាតិ (AIBA) កំពុងតែរង្គោះរង្គើខ្លាំងដោយសារតែអំពើរលួយធ្វើឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC សម្រេចដាក់ទណ្ឌកម្មឈប់ផ្តល់ប្រាក់ជំនួយលើការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលស្ម័គ្រចិត្តទូទាំងពិភពលោក។ ប្រទេសកម្ពុជាដែលមិនដឹងអ្វីទាល់តែសោះ ព្រោះមិនមែនជាអ្នកចូលរួមប្រព្រឹត្តអំពើពុករលួយនោះប៊ិះនឹងត្រូវរងគ្រោះដោយសារការកាត់ផ្តាច់ជំនួយឧបត្ថមពី IOC ប៉ុន្តែបានជប៉ុនចូលខ្លួនមកសហការឧបត្ថមធ្វើឲ្យយើងមានឱកាសមាសក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលយើងទៅមុខបន្តទៀត។ លោក ឆឹង យ៉ាវយ៉េន ក៏បានថ្លែងអំណរគុណដល់បុរសចិត្តធម៌ជនជាតិជប៉ុនគឺលោក Motohashi Yukiharu និងភរិយារបស់គាត់ដែលបានជួយអភិវឌ្ឍវិស័យកីឡាប្រដាល់សកលកម្ពុជាដោយសុទ្ធចិត្ត។ ដូច្នេះចាប់ពីឆ្នាំ២០២០នេះទៅ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជាដែលទើបតែបង្កើតឡើងថ្មីៗនេះនឹងត្រូវធ្វើការយ៉ាងស្អិតរមួតបំផុតជាមួយភាគីខាងជប៉ុនដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាប្រដាល់សកលកម្ពុជាឲ្យរីកចម្រើនស្របតាមផែនការបណ្តុះធនធានកីឡាករប្រដាល់សកលឆ្នាំ ២០២០-២០២៣។ ជាចុងក្រោយតាមការបញ្ជាក់ពីលោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងជាប្រធានគណៈកម្មការដែលទើបតែតែងតាំងបានប្រាប់មកកាន់ភ្នាក់ងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ថា កីឡាការិនី នៅ ស្រីពៅ នឹងត្រូវទៅរស់នៅ ហើយហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេលយូរ ប្រសិនបើមិនមានអ្វីប្រែប្រួលទេ។ រាល់ការចំណាយទាំងអស់គឺជាការទទួលខុសត្រូវរបស់ភាគីខាងជប៉ុន។ មូលហេតុដែលនាំ ស្រីពៅ ទៅគឺដោយសារនាងជាកីឡាការិនីម្នាក់ដែលមានចរិតលក្ខណៈល្អ ខិតខំហ្វឹកហាត់ និងស្តាប់បង្គាប់គ្រូបង្វឹក។ ហើយនាងថែមទាំងមានទំនាក់ទំនងល្អជាមួយលោក Motohashi និងភរិយាទៀតផងធ្វើឲ្យសប្បុរសជនសញ្ជាតិជប៉ុនទាំង២នាក់ប្តីប្រពន្ធនោះស្រឡាញ់ពេញចិត្ត និងចាត់ទុកនាងដូចជាកូនបង្កើតអ៊ីចឹង។ លោក ប៊ុយ សោភ័ណ្ឌ ក៏បានប្រាប់ឲ្យដឹងទៀតថា មិនមែនឱកាសបានតែលើ ស្រីពៅ ម្នាក់ទេ អ្នកដទៃក៏មានឱកាសដូចគ្នាប្រសិនបើសហព័ន្ធ ឬគណៈកម្មការវាយតម្លៃលើសិទ្ធផលពួកគេឃើញថាល្អ និងបុគ្គលិកលក្ខណៈរបស់កីឡាករកីឡាការិនីនោះសក្កិសមនឹងអាចចេញទៅហាត់នៅក្រៅប្រទេសបាន លោកពេញចិត្តនឹងជំរុញឲ្យទៅភ្លាម។ សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាទទួលបានការឧបត្ថមទាំងស្រុងពីភាគីខាងជប៉ុនដែលមានលោក Motohasi ជាអ្នកទទួលខុសត្រូវបាននាំយកកីឡាករកីឡារការិនីកម្ពុជាចំនួន៣នាក់៖ នៅ ស្រីពៅ វី ស្រីខួច និងកីឡាករ ពេជ្រ ម្ទេសខ្មាំង ទៅហ្វឹកហាត់រយៈពេល៣ខែនៅប្រទេសជប៉ុនមុនចេញទៅស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ប៉ុន្តែលើកនេះកីឡាការិនី នៅ ស្រីពៅ ត្រៀមចេញទៅហ្វឹកហាត់រយៈពេលយូរនៅទីនោះតែម្តង។