About Me

header ads

អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ប្រគល់វិញ្ញាបនបត្រ និងបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អ ជូនកសិករ

( ត្បូងឃ្មុំ ):
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ កសិករដាំបន្លែសុវត្ថិភាព ៨ គ្រួសារ នៅខេត្តត្បូងឃ្មុំ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ ចម្ការបន្លែអនុវត្តគោលការណ៍ ការអនុវត្តកសិកម្មល្អកម្ពុជា ( CamGAP ) ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ។

លោក ហូ ពុទ្ធាអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ការប្រគល់ជូនវិញ្ញាបនប័ត្រជូនកសិករនៅថ្ងៃនេះ ជាលើកដំបូងដែលធ្វើសម្រាប់ខេត្តត្បូងឃ្មុំ ហើយបន្លែទាំងអស់ដែលបិទស្លាកសញ្ញាសម្គាល់គុណភាពនេះ គឺជារឿងសំខាន់មួយដែលក្រសួងកសិកម្ម កំពុងមានការយកចិត្តទុកដាក់ចំពោះសុខភាព របស់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់បន្លែឆៅ និងបន្លែសម្រាប់ចំអិនអាហារទាំងក្នុងគ្រួសារ និងភោជនីយដ្ឋានផ្សេងៗ ។

លោកអនុប្រធានបន្តទៀតថា ម្យ៉ាងទៀត កសិករទាំងអស់ដែលបានចុះវាយតម្លៃជាប់ជាស្ថាពរក្នុងលក្ខខណ្ឌ ព្រមទាំងកសិករដ៏ទៃទៀតដែលស្នើរសុំចុះបញ្ជីជាសកម្មល្អ គឺត្រូវបានពិនិត្យ និងតាមដានដោយ អគ្គនាយកដ្ឋានការពារ ដំណាំអនាម័យ និងភូតគាមអនាម័យ ក្នុងករណីរកឃើញថាមានកសិករផ្សេងទៀតធ្វើបានគ្រប់លក្ខខ័ណ្ឌ និងធ្វើការផ្តល់ជូនជាបន្តបន្ទាប់ទៀត ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាគម្រោងគាំទ្រអនុវត្តកសិកម្មល្អនៅក្នុងខេត្តត្បូងឃ្មុំ បណ្តុះបណ្តាលប្រជាកសិករលើផលិតកម្មបន្លែ និងស្រូវនៅក្នុងក្រុង/ស្រុកចំនួន ៤ រួមមាន ស្រុកពញាក្រែក ត្បូងឃ្មំ អូរាំងឪ និងក្រុងសួង ដោយផ្តោតទៅលើការជំរុញកំណើនផលិតផល សុវត្ថិភាពផលិតផល ការគ្រប់គ្រងក្រោយការប្រមូលផល វេចខ្ចប់ និងផ្សារភ្ជាប់ទៅកាន់ទីផ្សារតាមទម្រង់ កិច្ចសន្យាផលិតកម្មកសិកម្ម ។

កសិករ ១៩៩ គ្រួសារ បានចូលរួមសកម្មភាពផលិតកម្មបន្លែសុវត្ថិភាព លើផ្ទៃដី ៧៧,៦២ ហិកតា ហើយរៀបចំជាសហគមន៍កសិកម្ម ចំនួន ៣ ក្រុមកសិករផលិតបន្លែសុវត្ថិភាពចំនួន ១៤ ដែលអាចផលិតបានក្នុងរង្វង់ ៦.៧០០ តោន ក្នុងមួយឆ្នាំ ៕