About Me

header ads

ភ្នាក់ងារដោះដូរកីឡាករអាហ្វ្រិកម្នាក់អះអាងថាខ្លួនចម្រាញ់យកកីឡាករល្អៗជាច្រើនមកឲ្យក្លិបធំៗនៅលីគកំពូលកម្ពុជា

ភ្នាក់ងារដោះដូរកីឡាករអាហ្វ្រិកម្នាក់អះអាងថាខ្លួនចម្រាញ់យកកីឡាករល្អៗជាច្រើនមកឲ្យក្លិបធំៗនៅលីគកំពូលកម្ពុជា

មិនខុសពីនៅបរទេសឡើយ កីឡាករបាល់ទាត់គ្រប់រូបបានប្រគល់សិទ្ធិក្នុងការចចារទៅឲ្យភ្នាក់ងារដែលពួកគេទុកចិត្តដើម្បីឈានទៅដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរពួកគេទៅក្លិបដែលមានបំណងចង់ទិញយករូបគេទៅពង្រឹងក្លិប។ ភ្នាក់ងារដោះដូរកីឡាករបានដើរតួនាទីដ៏សំខាន់ក្នុងការចចារជំនួសមុខឲ្យកីឡាករដោយសារពេលខ្លះកីឡាកររវល់ខ្លាំង និងចង់ផ្តោតតែលើការហ្វឹកហាត់ និងប្រកួតប៉ុណ្ណោះទើបផ្តល់សិទ្ធិទៅឲ្យភ្នាក់ងារពួកគេជាអ្នកចាត់ចែងឲ្យ។

លោក Eselemo Fred ជាភ្នាក់ងារដោះដូរកីឡាករ១រូបក្នុងចំណោមភ្នាក់ងារជាច្រើនរូបទៀតដែលមានទំនាក់ទំនងក្នុងទីផ្សារដោះដូរកីឡាករនៅក្នុងប្រទេសកម្ពុជាអស់១ទសវត្សរ៍ទៅហើយ។ Fred ប្រាប់ថាគាត់ជាភ្នាក់ងារផង និងជាអ្នកចាត់ការនៅ African All Stars ផង។ Fred តែងតែរៀបចំការប្រកួតមិត្តភាពរវាង African All Stars ជាមួយក្រុមធំៗនៅលីគកំពូលដើម្បីយកឱកាសនោះឲ្យក្លិបធំៗទាំងនោះបានមើលជើងកីឡាកររបស់ខ្លួន។ ភាគច្រើនកីឡាករដែលមូលដ្ឋានមកពីទ្វីបអាហ្វ្រិកដែលផ្ទេរមកលេងនៅលីគកំពូលកម្ពុជានេះគឺជាកីឡាករដែលគាត់ជាអ្នកចចារនាំមក។

Eselemo Fred ប្រាប់ថា គាត់សប្បាយចិត្តយ៉ាងខ្លាំងដែលបានធ្វើការជាមួយថ្នាក់ដឹកនាំរបស់ក្លិបបាល់ទាត់នីមួយៗ ហើយគាត់មើលឃើញពីភាពរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់ជាតិនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះកីឡាករមកពីទ្វីបអាហ្វ្រិកដែលលោកនាំមកបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់លីគឲ្យឈានដល់កម្រិតមួយដែលមានការប្រកួតប្រជែងខ្លាំង។ ជាក់ស្តែងកីឡាករមកពីទ្វីបអាហ្វ្រិកជាច្រើននាក់តែងតែរកគ្រាប់បាល់បានច្រើនៗក្នុងមួយរដូវកាលឲ្យក្លិបរបស់ពួកគេដូចជា Bisan George, Mbenga, Julius ឬ Privat និងកីឡាករដែលលោកនាំមកជាច្រើននាក់ទៀត។

លើសពីនេះទៅទៀត Fred បានអះអាងថាខ្លួនមានទំនាក់ទំនងល្អជាមួយក្រុម Tiffy Army FC យូរឆ្នាំមកហើយ និងនាំកីឡាករល្អៗឲ្យក្រុមទ័ពជាច្រើន។ សម្រាប់រដូវកាលនេះគាត់បាននាំកីឡាករសញ្ជាតិនីហ្សេរីយ៉ាម្នាក់ និងកាមេរ៉ូនម្នាក់ដែលសុទ្ធតែជាកីឡាករមានគុណភាពខ្ពស់មកឲ្យក្រុមទ័ព ហើយលោកជឿថា ក្រុមទ័ព Tiffy Army FC នឹងប្រើប្រាស់កីឡាករដែលលោកនាំយកមកនោះយ៉ាងមានប្រសិទ្ធភាពបំផុត។ សូមបញ្ជាក់ថា លោក Eselemo Fred ជាជនជាតិនីហ្សេរីយ៉ា លោកបានចំណាយពេលធ្វើជាភ្នាក់ងារនាំយកកីឡាករដែលមានមូលដ្ឋាននៅទ្វីបអាហ្វ្រិកមកកាន់កម្ពុជាជាង១០ឆ្នាំមកហើយ។ បុរសសញ្ជាតិនីហ្សេរីយ៉ារូបនេះសន្យាថានឹងបន្តនាំយកកីឡាករល្អៗមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតដើម្បីធ្វើឲ្យការប្រកួតលីគកំពូលនៅទីនេះមានភាពប្រកួតប្រជែងកាន់តែខ្លាំង។