About Me

header ads

ឯកឧត្តម ស សុខា៖ សហព័ន្ធកីឡាអសកម្មភាពប្រឈមនឹងការដកកញ្ចប់ថវិការឧបត្ថម្ភ

កម្មវិធីកិច្ចប្រជុំបូកសរុបអនុវិស័យអប់រំកាយនិងកីឡាឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅឆ្នាំ២០១៩-២០២០ បានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃ ០៤ ខែកុម្ភៈ ឆ្នាំ២០២០ នាសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង លោក លោកស្រី មន្រ្តីក្រសួងពាក់ព័ន្ធ មន្រ្តីរាជការមន្ទីរអប់រំ យុវជននិងកីឡារាជធានី-ខេត្ត តំណាងសហព័ន្ធកីឡាជាតិទាំង៤៧ និងភ្ញៀវជាតិ អន្តរជាតិ។ ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាបានមានប្រសាសន៍អោយដឹងថា គ្រប់ការងារទាំងអស់ក្រសួងអប់រំ យុវជន និងកីឡា តែម្នាក់ឯង មិនអាចធ្វើទៅរួចនោះទេ ត្រូវតែរួមដៃគ្នាតាំងពីសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ទីរអប់រំយុវជននិងកីឡា គ្រប់រាជធានីខេត្តតែម្ដង។ ជាពិសេសគ្រប់ស្ថាប័ន្ធពាក់ព័ន្ធបូករួម ទាំងវិស័យឯកជនផងដែរ ។ ដោយឡែកក្នុងវិស័យអប់រំកាយនិងកីឡារយះពេល៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល បានផ្តល់នូវការជំនឿទុកចិត្ត ក្នុងការវិនិយោគ ទាំងធនធាន ទាំងថវិកា ក្នុងការធ្វើអោយវិស័យអប់រំកាយមួយនេះ មានភាពល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។ដើម្បីអោយវិស័យមួយនេះ មានភាពរីកចំរើន យើងត្រូវតែពង្រឹងសមត្ថភាព អភិវឌ្ឍកំណៃទម្រង់ឈានទៅការវះកាត់លើបញ្ហាប្រឈមមួយចំនួន ដែលកើតឡើងដដែល។



ស្របពេលដែលវិស័យកីឡាជាតិកំពុងតែមានភាពរីកចម្រើន ហើយមានសហព័ន្ធកីឡាជាតិមួយចំនួនកំពុងតែមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សកម្មភាពយ៉ាងផុលផុស ប៉ុន្តែក៏នៅមានសហព័ន្ធកីឡាជាតិមួយចំនួនតូចស្ថិតនៅក្នុងភាពអសកម្មនៅឡើយ។ ជុំវិញទៅនឹងបញ្ហានេះ ឯកឧត្តមធ្វើការព្រមានចំពោះមុខថានៅត្រូវតែធ្វើការវះកាត់ចេញដើម្បីដើរអោយទាន់សភាពការ ជាពិសេសឆ្ពោះទៅរកភាពជ័យជ័យសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង។ សម្រាប់រដូវកាលថ្មីឆ្នាំ២០២០នេះ ក្រសួងអប់រំយុវជននិងកីឡា បានត្រៀមកញ្ចប់ថវិកាឧបត្ថម្ភ ដល់សហព័ន្ធកីឡាជាតិ ប៉ុន្តែក្នុងនោះចំពោះសហព័ន្ធខ្លះ ដែលគ្មានសកម្មភាព បើសិនជារកឃើញថាសហព័ន្ធនោះ មានភាពអសកម្មនិងគ្មានរបាយការណ៍ ច្បាស់លាស់មកកាន់ក្រសួងទេ ក្រសួងអប់រំយុវជននិងកីឡា នឹងធ្វើការព្រមានហើយនិងធ្វើការពិចារណា ដកការឧបត្ថម្ភតែម្ដង។ ឯកឧត្តមរដ្ឋលេខាធិការក៏បានសំណូមពរមន្រ្តីដែលពាក់ព័ន្ធទាំងអស់ អោយមានភាពយកចិត្តទុកដាក់ ហើយទទួលខុសត្រូវខ្ពស់លើផែនការនិងការងារមួយចំនួន។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានរៀបចំដោយអគ្គនាយកដ្ឋានកីឡា មានរយះពេល២ថ្ងៃ គឺនៅថ្ងៃទី
០៣និងទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានសិក្ខាកាមសរុបប្រមាណ៣០០នាក់ មកពីអង្គភាពជំនាញក្រោមអគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡាជាតិ អង្គភាពដៃគូ និងមន្ទីរ អប់រំ យុវជននិងកីឡារាជធានី-ខេត្ត៕