About Me

header ads

ភាពឈឺចាប់ដែល Bayern Munich បានទទួលកាលពី២១ឆ្នាំមុនដោយសារក្រុមអង់គ្លេសមួយត្រូវបានក្រុមអាល្លឺម៉ង់មួយនេះចងចាំគ្មានថ្ងៃភ្លេច

ក្រុម Bayern Munich របស់អាល្លឺម៉ង់នៅតែបន្តធ្វើទុក្ខទោម្នេញទៅលើក្រុមរបស់អង់គ្លេសជាសារថ្មីម្តងទៀតក្នុងពានរង្វាន់ UEFA Champions League វគ្គ Knock Out Stage។ យ៉ាងណាមិញ រំលឹកទៅដល់អតីតកាលក្នុងឆ្នាំ១៩៩៩ ក្នុងរាត្រីដ៏ខ្មៅងងឹតមួយនៅកីឡដ្ឋាន Camp Nou ស្ថិតក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ក្រុមដែលមានរហ័សនាមថា The Bavarian មួយនេះបានជួបរឿងដ៏ឈឺចាប់បំផុតមិនអាចបំភ្លេចបានគឺការបរាជ័យក្រោមថ្វីជើងរបស់ក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ២-១។ រឿងដែលគួរឲ្យឈឺចាប់បំផុតនោះគឺ ពួកគេភ្លាត់ឲ្យរបូតគ្រាប់បាល់ដល់ទៅ២គ្រាប់ក្នុងរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះ ហើយការរបូត២គ្រាប់នោះទៀតសោតគឺកើតឡើងនៅក្នុងម៉ោងបន្ថែមរបួស៤នាទីចុងក្រោយក្នុងតង់ទី២។ បាល់មូលមិនមែនគេទើបតែនិយាយក្នុងសតវត្សរ៍ទី២១នេះទេ ប៉ុន្តែវាបានកើតឡើងតាំងពីយូរមកហើយ។ ជាក់ស្តែងដូចក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UCL រដូវកាលឆ្នាំ ១៩៩៨/១៩៩៩ Bayern Munich នាំមុខ Man Utd ១គ្រាប់មុនរហូតដល់នាទី៩០ទៅហើយដែលគ្រប់គ្នាស្ទើរតែមិនជឿថាក្រុមបិសាចក្រហមអាចវាយបកឈ្នះវិញត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ កាលនោះអរគុណដល់គ្រាប់បាល់តាមស្មើរបស់ Teddy Sheringham នាទីទី៩០+១ និង Ole Gunnar Solkjaer នាទីទី៩០+៣ ជួយឲ្យក្រុមបិសាចក្រហមលើកពាន UCL ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ខណៈដែលក្រុម Bayern Munich បានត្រឹមទឹកភ្នែកប៉ុណ្ណោះ។ លុះចូលដល់សតវត្សរ៍ទី២១នេះ ក្រុមខ្លាំងៗរបស់អង់គ្លេស កម្រមានក្រុមណាដែលអាចលេងឈ្នះ Bayern Munich ណាស់។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ យើងសម្គាល់ឃើញថា ពេលក្រុម Bayern Munich ប៉ះក្រុមអង់គ្លេសពួកគេពិតជាខំប្រឹងខ្លាំងណាស់ហាក់បីដូចជាគំក្រុមអង់គ្លេសតាំងពីណាមកអ៊ីចឹង។ បើយើងក្រឡែកទៅមើលប្រវត្តិជួបគ្នាជាមួយក្រុមអង់គ្លេសមួយរយៈចុងក្រោយនេះ Bayern Munich ស៊ុតច្រើនៗគ្រាប់មែនទែនដោយធ្លាប់ស៊ុត Arsenal ដល់ទៅ១០គ្រាប់ក្នុងការប្រកួត២ជើង ហើយធ្លាប់ទៅស៊ុត Spurs ដល់ផ្ទះរហូតដល់ទៅ៧គ្រាប់ និងថ្មីៗកាលពីយប់មិញនេះស៊ុត Chelea នៅក្រៅដីដល់ទៅ៣គ្រាប់ទៀត។ បើក្រលេកទៅមើលស្ថិតិរបស់ក្រុមអាល្លឺម៉ង់មួយនេះប៉ះក្រុមអង់គ្លេសក្នុងសតវត្សរ៍ទី២១នេះឃើញថាភាគរយជោគជ័យស្ទើរតែ១០០%ទៅហើយដោយពួកគេបានទម្លាក់ Arsenal ចេញពី UCL វគ្គ១៦ក្រុមនៅឆ្នាំ២០០៤/២០០៥, ទម្លាក់ Man Utd នៅវគ្គ៨ក្រុមក្នុងឆ្នាំ ២០០៩/២០១០, ទម្លាក់ Arsenal ដល់ទៅ៣រដូវកាលទៀតគឺនៅឆ្នាំ ២០១២/២០១៣, ២០១៣/២០១៤ និង២០១៥/២០១៦។ ចាំមើលថាតើក្រុមជើងឯងអាល្លឺម៉ង់មួយនេះនៅបន្តគំក្រុមអង់គ្លេសដល់ពេលណា? ហើយក្រុមអង់គ្លេសអាចបញ្ឈប់ការគំគួនរបស់ The Bavarian បានទេ?