About Me

header ads

គ្រូ Angkor Tiger បង្ហើបប្រាប់ពីមូលហេតុដែលបង្ហោះរាប់ថ្ងៃលើគណនី Facebook របស់ខ្លួន

លោក Oriol Mohedano គ្រូបង្វឹករបស់ក្រុម Angkor Tiger គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកបរទេសផ្សេងទៀតដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ជាតិ ពិសេសការនាំយកទម្រង់លេងបែបអេស្បាញរបស់គាត់មកអនុវត្តនៅលើវាលស្មៅក្នុងក្របខណ្ឌបាល់ទាត់លីគកំពូលកម្ពុជា។ យ៉ាងណាមិញ ជាមួយភាពល្បីល្បាញ និងភាពរួសរាយរាក់ទាក់របស់គ្រូសញ្ជាតិអេស្បាញរូបនេះធ្វើឲ្យមានហ្វេនបាល់ទាត់មួយចំនួននិយមតាមដាន និង comment លេងជាមួយគាត់តាមបណ្តាញសង្គមគ្រប់ពេលដែលលោកបង្ហោះរូបភាពអ្វីមួយដែលទាក់ទងនឹងបាល់ទាត់។ ក្នុងនោះមានអ្នកគាំទ្រជាច្រើនឆ្ងល់ពេលឃើញលោក Mohedano បង្ហោះលើគណនីហ្វេសប៊ុករបស់លោកដោយរាប់ចាប់ពីថ្ងៃទី១មកទល់ពេលនេះបានជាងហាសិបថ្ងៃហើយ។ អ្នកខ្លះគិតថាវាជាល្បែងចិត្តសាស្ត្រអ្វីមួយរបស់គ្រូអេស្បាញនេះទៀតផង។ ដោយឃើញបែបនេះ ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ បានធ្វើការទាក់ទងទៅលោកដោយផ្ទាល់ ហើយគ្រូមកពីទីក្រុង Barcelona រូបនោះបានបញ្ជាក់ឲ្យដឹងថា អ្វីដែលលោកសរសេរចាប់តាំងពីថ្ងៃទី១ រហូតមកបានជាងហាសិបថ្ងៃមកនេះគឺជាវិធីបញ្ជូនសាររបស់លោកទាក់ទងនឹងជីវិតបាល់ទាត់របស់លោកនៅក្លិប Angkor Tiger។ លោកបង្ហោះបែបនេះដើម្បីលើកទឹកចិត្តដល់កីឡាករ និងក្រុមការងារគ្រូបង្វឹករបស់លោកផងដែរឲ្យពួកគេខំប្រឹងឲ្យអស់ពីសមត្ថភាព និងគិតវិជ្ជមានឲ្យបានច្រើន។ លោកបានបញ្ជាក់ទៀតថា សម្រាប់លោកមិនដែលមានបញ្ហាក្នុងការចែករំលែករឿងផ្ទាល់ខ្លួនទាក់ទងនឹងបាល់ទាត់នោះទេ ពីព្រោះបាល់ទាត់គឺជាជីវិតរបស់លោក។ ជាចុងក្រោយលោក Mohedano បានប្រាប់ថា លោកនឹងបន្តបង្ហោះរហូតដល់ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២០នេះ (ប្រហែលជាដល់ចប់រដូវកាលនេះតែម្តង។) ការរាប់ថ្ងៃទៅមុខរបស់លោកប្រៀបដូចជាកំណត់ហេតុ, ប្រវត្តិ និងពេលវេលាដ៏ជាក់លាក់មួយដែលបានកើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់លោកនៅលើវិថីបាល់ទាត់ជាមួយក្រុម Angkor Tiger។ សូមបញ្ជាក់ថា លោក Oriol Mohedano វ័យ៣៣ឆ្នាំ ជាជនជាតិអេស្បាញ មកពីទីក្រុង Barcelona ប្រទេសអេស្បាញ។ សម្រាប់២ប្រកួតដំបូងក្នុងរដូវកាលឆ្នាំ២០២០នេះ លោក Mohedano ដឹកនាំក្រុមខ្លាទឹកក្រូចលេងស្មើជាមួយជើងខ្លាំងបឹងកេត ១-១ និងសប្តាហ៍មុនក្នុងជំនួប Siem Reap Derby ក្រុមខ្លាទឹកក្រូចមួយនេះបានលត់ក្រុម Sotilo Angkor ដោយលទ្ធផល 0-៤ ធ្វើឲ្យពួកគេឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្ននៅក្នុងតារាង។