About Me

header ads

ឃើញរឿងហួសចិត្តស្តែងនឹងភ្នែកពេកគ្រូព្រះខ័នរាជផ្ញើវីដេអូចូលផេកផ្លូវការ AFC ?

ការប្រកួត AFC CUP វគ្គជម្រុះចែកពូលក្នុងប្រកួតទី១បានបញ្ចប់ទៅកាលពីម្សិលមិញ
ហើយ។ យ៉ាងណាមិញ រឿងដែលមិនគួរឲ្យជឿបានកើតឡើងនៅប្រកួតដំបូងរបស់ក្រុមព្រះខ័នរាជស្វាយរៀងពេលធ្វើដំណើរទៅប្រទេសហ្វីលីពីនប្រកួតជាមួយក្រុមជើងឯក Ceres Negros FC កាលពីយប់ម្សិលមិញដោយកីឡាកររបស់ក្រុម Ceres Negros ឈ្មោះ Joshua Grommen បានបន្លំយកដៃវៃបាល់បញ្ចូលទីយ៉ាងស្តែង ប៉ុន្តែអាជ្ញាកណ្តាលបែរជាមើលមិនឃើញ ហើយសម្រេចឲ្យគ្រាប់បាល់១នោះគិតជាពិន្ទុទៅលើក្រុមម្ចាស់ផ្ទះធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការសោកស្តែងចំពោះការសម្រេចចិត្តមួយនោះយ៉ាងខ្លាំង។

អ្នកដែលហួសចិត្តខ្លាំងជាងគេនោះគឺលោក Conor Nestor គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀងតែម្តងដោយលោកមើលឃើញច្បាស់ផ្ទាល់ភ្នែកថាគ្រាប់ទី២នោះគឺជាការប្រើដៃវៃបាល់បញ្ចូលទីសុទ្ធសាធ ប៉ុន្តែទាំងមន្ត្រីអាជ្ញាកណ្តាលធំ និងអាជ្ញាកណ្តាលខ្សែបន្ទាត់ហាក់បីដូចជាមានចេតនាធ្វើជាមើលមិនឃើញ ហើយសម្រេចឲ្យពិន្ទុទៅលើក្រុមម្ចាស់ផ្ទះយ៉ាងលម្អៀង។

ក្រោយចប់ការប្រកួត យើងឃើញរឿងមិនគួរឲ្យជឿមួយទៀតកើតឡើងដោយលោក Conor បានបង្ហោះលើគណនីហ្វេសបុកផ្លូវការរបស់លោកនូវរូបភាពដែលលោកបានឆាតផ្ទាល់ទៅក្នុងប្រអប់សារ (Messenger) នៃគណនីហ្វេសបុកផ្លូវការរបស់ AFC ក្នុងនោះលោកបានកាត់យករូបត្រង់ចំណុចដែលកីឡាករក្រុម Ceres Negros លោតវៃបាល់បញ្ចូលទីយ៉ាងស្តែង ហើយលោក Conor ក៏បានសរសេរវាចារបន្តិចបន្តួចនៅលើរូបដែលលោកបានបង្ហោះនោះថា៖ ពេលខ្លះការបរាជ័យពិបាកនឹងទទួល ប៉ុន្តែយើងត្រូវតែកែខៃចន្លោះប្រហោងយើងឡើងវិញ ហើយសង្ឃឹមថានៅប្រកួតក្រោយនឹងមានក្រុមសំខាន់ទាំង៣នៅលើទីលាន។

លោកចង់បានន័យថា២ក្រុមដ៏សំខាន់លើទីលានគឺជាក្រុមបាល់ទាត់ទាំងសងខាង និង១ក្រុមទៀតគឺជាក្រុមរបស់មន្ត្រីអាជ្ញាកណ្តាលដែលមានសមាសភាពដូចជាមន្ត្រីអាជ្ញាកណ្តាលធំដែលកាត់ក្តីក្នុងទីលាន និងអាជ្ញាកណ្តាលខ្សែបន្ទាត់ដែលសុទ្ធតែជាអ្នកដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចជោគវាសនាលើការប្រកួតនីមួយៗ។ សូមបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជាបានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Ceres Negros FC របស់ហ្វីលីពីនដោយលទ្ធផល 4-0 នៅកីឡដ្ឋាន Rizal Memorial Stadium ប៉ុន្តែគ្រាប់ទី២របស់ក្រុម Ceres Negros កើតចេញពីការយកដៃវាយបាល់យ៉ាងច្បាស់ក្រឡែត ខណៈដែលអ្នកគាំទ្រជាច្រើនហាក់បីដូចជាជឿថា អាជ្ញាកណ្តាលមានចេតនាធ្វើជាមើលមិនឃើញ។ យ៉ាងណាក៏ដោយ វាទើបតែជាប្រកួតដំបូងរបស់ក្រុមជើងឯកលីគកំពូលយើងប៉ុណ្ណោះដោយយើងនៅសល់ចំនួន៥ប្រកួតទៀតដែលត្រូវលេងដើម្បីស្វែងរកចំណាត់ថ្នាក់លេខ១ ឬ លេខ២ល្អឡើងទៅវគ្គ Knock Out Stage បន្តទៀត។