ជឿ ឬអត់? អាវលេខ៩ នៅ AC MILAN មានបណ្តាសាពីវិរបុរស Inzaghi

អ្នកលេងបាល់ទាត់ច្បាស់ជាស្គាល់ច្បាស់ថាលេខប៉ុន្មានតំណាងឲ្យតួនាទីអ្វី។ ឧ. លេខ១ ច្រើនជាអ្នកចាំទី ហើយលេខចាប់ពី២ ដល់៥ ច្រើនលេងជាខ្សែការពារ និងលេខ៦ ៧ ៨ ច្រើនលេងខ្សែបម្រើ ហើយលេខ៩ ច្រើនជាខ្សែប្រយុទ្ធជួរមុខ។ ជាក់ស្តែងនៅក្រុម AC Milan អតីតវិរបុរសគេ១រូបគឺលោក Filippo Inzaghi ជាម្ចាស់លេខ៩ ហើយលោកទទួលបានជោគជ័យបំផុតជាមួយក្រុមបិសាចខ្មៅដោយលោកធ្លាប់ឈ្នះពាន Serie A ២ដង, ពាន UCL ២ដង, Super Cup ២ដង និង FIFA Club World Cup ម្តងជាមួយក្លិប AC Milan។ លោកបង្ហាញខ្លួនឲ្យក្រុមបិសាចខ្មៅពីឆ្នាំ ២០០១-២០១២ ចំនួន២០២ប្រកួត ស៊ុតបញ្ចូលទីបាន៧៣គ្រាប់។ យ៉ាងណាមិញ ក្រោយ Inzaghi ចូលនិវត្តក្រោយចប់រដូវកាលឆ្នាំ ២០១១-២០១២ អ្នកបន្តវេនអាវលេខ៩របស់គាត់សុទ្ធតែបរាជ័យទាំងអស់។ ក្នុងនោះមានដូចជា Alexandre Pato ក្នុងរដូវកាលឆ្នាំ២០១២ Pato ពាក់អាវលេខ៩តពី Inzaghi ប៉ុន្តែលេខមួយនេះហាក់បីដូចជាធំពេកសម្រាប់យុវជនប្រេស៊ីលរូបនេះដោយគេបង្ហាញខ្លួន១រដូវកាលបានមិនដល់២០ប្រកួតផង ហើយស៊ុតបញ្ចូលទីបានតិចបំផុតគឺត្រឹមតែ២គ្រាប់ប៉ុណ្ណោះ។ មិនបានប៉ុន្មានខ្សែប្រយុទ្ធដ៏មុតស្រួចសញ្ជាតិអេស្បាញម្នាក់ទៀតក៏ចូលមកគឺ Fernando Torres។ អ្នកគាំទ្រច្បាស់ជាស្គាល់ពីគុណភាពក្នុងការបញ្ចប់ទីរបស់ខ្សែប្រយុទ្ធរូបនេះហើយ ប៉ុន្តែបណ្តាសារលើអាវលេខ៩នេះនៅតែបន្តកើតមានស្របពេលដែល Torres ឈានជើងជាន់វាលស្មៅក្នុងកីឡដ្ឋាន San Cairo គេបានពាក់អាវលេខ៩ទៀតជាមួយជំនឿចិត្តថានឹងជួយឲ្យក្រុមបានចូលលេងពានរង្វាន់ទ្វីបអឺរ៉ុបឡើងវិញ។ ប៉ុន្តែអ្វីៗខុសពីការរំពឹងទុក ខ្សែប្រយុទ្ធកំពូលស៊ុតម្នាក់នេះបែរជារកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនជាងដប់ប្រកួតឲ្យក្រុម AC Milan។ ក្រោយមកទៀតគឺកីឡាករ Gonzalo Higuin។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះតែងតែរកគ្រាប់បាល់គ្រប់ក្លិបដែលគេទៅទាំងនៅ Real Madrid, Napoli និង Juventus។ ពេលមកដល់ AC Milan ចាត់ទុកថាគ្រាបើដែលអាចរកបាន៦គ្រាប់ក្នុង១០ប្រកួតដំបូង ប៉ុន្តែទំនាក់ទំនងគេជាមួយមិត្តរួមក្លិបចាប់ផ្តើមតានតឹងខ្លាំងក្នុងពេលហ្វឹកហាត់ប៉ះទង្គិចគ្នា។ ពេលមានហេតុការណ៍នោះ ស្រាប់តែមានកីឡាករចំណូលថ្មីម្នាក់ទៀតចូលមកគឺកីឡាករ Piatek។ Piatek នាំក្តីសង្ឃឹមហ្វេន AC Milan ត្រឡប់មកវិញដោយមកដល់ភ្លាមស៊ុតបញ្ចូលទី៣ប្រកួតជាប់គ្នា ហើយជួយឲ្យបិសាចខ្មៅបញ្ចប់ចំណាត់ថ្នាក់ល្អជាងរដូវកាលមុន។ ប៉ុន្តែចុងក្រោយ Piatek បែរជាសម្រេចចិត្តខុស។ ពេលគេមកដល់ដំបូងពាក់អាវលេខ១៩ ប៉ុន្តែក្រោយ Higuin ចេញបាត់ Piatek ក៏ប្តូរមកពាក់អាវលេខ៩វិញ។ ក្រោយប្តូរលេខរួច Piatek ស៊ុតបានតេ៤គ្រាប់ប៉ុណ្ណោះក្នុង១៨ប្រកួត។ ក្រោយមកគេក៏ចាកចេញទៅចូលរួមជាមួយ Hertha Berlin ហើយស៊ុតបញ្ចូលទីបានយ៉ាងច្រើនគ្រាប់ឲ្យក្លិបអាល្លឺម៉ង់មួយនោះ។ នេះយើងនៅមិនទាន់លើកឡើងពីកីឡាករមួយចំនួនទៀតដូចជា៖ Alexandre Matri, Luis Adriano, Destro និង Andre Silva វាគឺជាបណ្តាសារមួយដ៏អាក្រក់ជាងបណ្តាសារអាវលេខ៧នៅក្រុមបិសាចក្រហមទៅទៀត។ សូម្បីតែចុងក្រោយនេះពេល Zlatan Ibrahimovic មកដល់កីឡដ្ឋាន San Cairo ក៏ខ្សែប្រយុទ្ធដ៏ពូកែរូបនោះមិនខ្ចីយកអាវលេខ៩ពាក់ដែរសុខចិត្តពាក់លេខ២១វិញ។