About Me

header ads

កីឡា Netball ៖ កីឡាមានសុទ្ធតែស្ត្រីលេងសុទ្ធ គ្រោងបង្កើតឡើងនៅកម្ពុជា

លោកជំទាវ កុយ ពិសី ប្រធានគណកម្មាធិការ ស្រ្តីនិងកីឡាកម្ពុជា បានថ្លែងថា គណកម្មាធិកាកំពុងតែគ្រោងនឹងបង្កើនកីឡាNetballដែលជាប្រភេទកីឡាសម្រាប់តែស្រ្តីប៉ុណ្ណោះ

លោកជំទាវ កុយ ពិសី ជាប្រធានគណកម្មាធិកាស្រ្តីនិងកីឡា អមគណកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់នៅក្នុងសិក្ខាសិលាស្តីពី សមភាពស្រ្តីក្នុងវិស័យកីឡា នាពេលកន្លងទៅថា គណកម្មាធិកាស្រ្តីនិងកីឡាកម្ពុជាកំពុងតែរៀបចំបង្កើតសហព័ន្ធថ្មីមួយទៀត គឺសហព័ន្ធកីឡាNetballកម្ពុជា ដែលជាប្រភេទកីឡាថ្មីមួយទៀត សម្រាប់តែស្រ្តីលេងប៉ុណ្ណោះ។

ការបង្កើតសហព័ន្ធកីឡា ដែលមានសុទ្ធតែស្ត្រី នេះ គឺក្នុងន័យជំរុញអោយស្រ្តីចូលលេងកីឡាអោយបានច្រើន ដើម្បីសុខភាពរាងកាយ បញ្ញាស្មារតីស្រ្តីកម្ពុជាទាំងអស់មាំមួន និង ភ្លឺថ្លាវាងវៃ ជាពិសេសសំដៅឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាNetball គឺជាប្រភេទកីឡាគប់បាល់ចូលកន្រ្តក កីឡានេះស្រដៀងទៅនឹងកីឡាបាល់បោះដែរ ប៉ុន្តែខុសត្រង់ថា កីឡាប្រភេទនេះសម្រាប់តែស្រី្តសុទ្ធលេងប៉ុណ្ណោះ ដែលខុសពីបាល់បោះ ដែលបុរស និង ស្ត្រីអាចលេងបានដូចគ្នា។ កីឡានេះ ធ្លាប់ត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡា
ស៊ីហ្គេមចំនួន4 លើករួចមកហើយ ដោយលើកទី1ដាក់បញ្ចូលក្នុងឆ្នាំ ២០០១ ក្នុងកីឡាស៊ីហ្គេមលើកទី២១ នាប្រទេសម៉ាឡេស៊ី លើកទី២ក្នុងកីឡាស៊ីហ្គេមលើកទី២៨ នាប្រទេសសឹង្ហបុរី លើកទី៣ ក្នុងកីឡាស៊ីហ្គេមលើកទី២៩ នាប្រទេសម៉ាឡេស៊ី និងលើកទី៤ ចុងក្រោយគេ ដាក់ចូលក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣០នាប្រទេសហ្វីលីពីន។

អ្វីដែលគួរអោយកត់សំគាល់នោះគឺ Netball ត្រូវបានគេទទួលស្គាល់ថាជាប្រភេទកីឡាអូឡាំពិក ប៉ុន្តែកីឡានេះនៅមិនទាន់ត្រូវបានដាក់បញ្ចូលក្នុងការព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឡើយទេ សូម្បីការប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំ 2020 ដែលនឹងប្រព្រឹត្តទៅនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុនលើកនេះក្ដី៕