About Me

header ads

ភរិយា NBA MVP Player អ្នកស្រី Vanessa សោកសង្រែងយ៉ាងខ្លាំងនូវមរណភាពរបស់ស្វាមីខ្លួន

អ្នកស្រី Vanessa ដែលបច្ចុប្បន្នបានក្លាយទៅជាស្ត្រីមេម៉ាយទៅហើយនោះបានរៀបរាប់រឿងក្នុងចិត្តជាលើកដំបូងក្រោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភគចក្រសម្លាប់ស្វាមីរបស់អ្នកស្រីលោក Kobe Bryant ដែលជាអតីតតារាបាល់បោះដ៏ល្បីមួយរូប និង កូនស្រីម្នាក់ទៀតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ អ្នកស្រីបានបង្ហោះរឿងក្នុងចិត្តលើគណនី IG ជាមួយរូបថតជុំគ្រួសារដោយបាននិយាយថា អារម្មណ៍អ្នកស្រីនៅពេលនេះគឺពិតជាសោកសង្រែងជាខ្លាំងនិងគ្មានពាក្យអ្វីអាចពិពណ៌នាពីទំហំនៃការឈឺរបស់អ្នកស្រីទេ។ គូស្វាមីភរិយាមួយគូនេះមានកូនស្រីដល់ទៅ៤នាក់រួមទាំង Gianna អាយុ១៣ឆ្នាំដែលបានស្លាប់ក្នុងឧបទ្ទវហេតុនោះផងដែរ។ កាលពីថ្ងៃរៀបចំពិធីបុណ្យសពអ្នកស្រី Vanessa មិនបាននិយាយអ្វីទាំងអស់ក្រៅពីយំ និងកាន់ទុក្ខដោយទឹកមុខយ៉ាងក្រៀមក្រំគួរឲ្យអាណិតអាសូរជាពន់ពេក។ អ្នកស្រីបាននិយាយលើ IG ថា៖ ពួកយើងពិតជាសោកសង្រែងណាស់ដែលបានបាត់បង់ស្វាមីជាទីស្រឡាញ់ត្រឹមតែមួយប៉ព្រិចភ្នែក។ គាត់ជាឪពុកដ៏អស្ចារ្យបំផុតសម្រាប់កូនខ្ញុំទាំង៤នាក់ ហើយកូនស្រី Gianna ពិតជាគួរឲ្យស្រឡាញ់ ចេះគិត និងជាកូនស្រីដ៏អស្ចារ្យម្នាក់ នាងថែមទាំងជាបងប្អូនស្រីដ៏ល្អសម្រាប់ Natalia, Bianka និង Capri ផងដែរ។ គាត់បានបន្ថែមទៀតថា៖ ខ្ញុំបន់ឲ្យពួកយើងបាននៅជាមួយគ្នាបន្តទៀតប៉ុន្តែមិនស្មានថាពេលវេលាដ៏ល្អរបស់យើងឆាប់បញ្ចប់លឿនយ៉ាងនេះសោះ។ ចាប់ពីពេលនេះទៅ ខ្ញុំមិនដឹងថាជីវិតយើងនឹងត្រូវជួបរឿងអ្វីខ្លះទេ ហើយវាពិតជាពិបាកណាស់ក្នុងការរស់នៅដោយគ្មានមនុស្សជាទីស្រឡាញ់បែបនេះ។


សូមបញ្ជាក់បន្ថែមថា ដើមហេតុនៃការធ្លាក់ឧទ្ធម្ភគចក្រនេះត្រូវបានគេសន្មត់ថាមកពីផ្សែងចុះអ័ព្ពខ្លាំងពេក។ មកទល់ពេលនេះអាជ្ញាធរនៅតែបន្តការស៊ើបអង្កេតនៅឡើយ។ ហេតុការណ៍នេះកើតឡើងស្របពេលដែល Kobe Bryant កំពុងធ្វើដំណើរតាមផ្លូវអាកាសដោយឧទ្ធម្ភគចក្រមួយគ្រឿងទៅបង្វឹកក្រុមបាល់បោះរបស់កូនស្រីគាត់ក្នុងការប្រកួត Tournament មួយក្នុងតំបន់ នៅសាលាបណ្តុះថ្នាល Mamba Sports Academy។ សូមបញ្ជាក់ឡើងវិញថា លោក Kobe Bryant វ័យ ៤១ ឆ្នាំ និង កូនស្រី Gianna ដែលទើបតែមានវ័យ១៣ឆ្នាំ រួមជាមួយនឹងមនុស្សចំនួន៧នាក់ទៀតបានជួបគ្រោះថ្នាក់ធ្លាក់ឧត្ថម្ភាគចក្រកាលពីថ្ងៃអាទិត្យទី ២៥ មករា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ៕