About Me

header ads

អត់ទុកមុខឲ្យម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀងលត់ Master 7 FC សរុបទាំង២ជើង 7-1 ឡើងទៅវគ្គជម្រុះជុំទី២បន្ទាប់ទៀត

បន្ទាប់ពីយកឈ្នះក្រុម Master 7 FC 4-1 ក្នុងជើងទី១រួចហើយក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជាយើងបានបន្តយកឈ្នះ៣គ្រាប់ទល់នឹងសូន្យទៅលើក្រុមម្ចាស់ផ្ទះនៅជើងទី២បន្ថែមទៀត ធ្វើឲ្យក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះឈ្នះក្រុម Master 7 FC របស់ឡាវទាំង២ជើងដោយលទ្ធផល 7-1 អរគុណទៅដល់គ្រាប់បាល់របស់កីឡាករ Privat ហ៊ូយ ផល្លីន និងសំអឿន ពិដោ។ ក្រុមព្រះខ័នរាជស្វាយរៀងធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនអបអរមុនចប់៩០នាទីទៀតបន្ទាប់ពីពួកគេស៊ុតបញ្ចូលទីក្រុម Master 7 FC ដល់ទៅ២គ្រាប់ទល់នឹងសូន្យត្រឹមតង់ទី១ ខណៈដែលពួកគេមានដើមទុនដល់ទៅ៣គ្រាប់ក្នុងដៃរួចទៅហើយមុនធ្វើដំណើរមកប្រទេសឡាវនេះ។ ជាមួយជ័យជម្នះមួយនេះធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀងក្លាយជាក្រុមដំបូងដែលបានឡើងទៅវគ្គជម្រុះជុំទី២បន្ទាប់ទៀតក្រោយក្រុមបឹងកេត និងណាហ្គាវើលដ៏ខកខានកាលពីរដូវកាលមុនៗ។ បន្ទាប់ពីចប់ប្រកួតនេះទៅ ក្រុមរបស់លោក Conor Nestorនឹងត្រៀមលក្ខណៈសម្រាប់ប្រកួតលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០នេះដោយនៅប្រកួតដំបូងថ្ងៃបើកឆាករដូវកាលថ្មីនោះក្រុមការពារតំណែងជើងឯកមួយនេះនឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួននៅកីឡដ្ឋានស្វាយរៀងស្វាគមន៍ក្រុមសូទីឡូអង្គរដែលជាក្រុមបង្កើតឡើងដោយអ្នកចាត់ការក្រុមជម្រើសជាតិលោក កេស៊ូកិ ហុងដា នៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះ និង១សប្តាហ៍ក្រោយមកទៀតនៅប្រកួតទី២ ក្រុមព្រះខ័នរាជស្វាយរៀងនឹងធ្វើដំណើរទៅទឹកដីខេត្តតាកែវតតាំងជាមួយក្រុមគីរីវង្សសុខសែនជ័យ។ ចាំមើលថាតើក្រុមជើងឯកចាស់មួយនេះអាចការពារតំណែងជើងឯករបស់ខ្លួនជាលើកទី២ជាប់គ្នា និងជាលើកទី៣នៅក្នុងប្រវត្តិសាស្ត្រក្លិបបានដែរឬយ៉ាងណា?