«ហង្សក្រហម» Liverpool ត្រៀមបុកទៅសួរសុខទុក្ខ «ឆ្កែព្រៃ» Wolverhampton ក្នុងសមរភូមិ Premier League យប់នេះ

សឹកលើសមរភូមិវាលស្មៅនៅប្រទេសអង់គ្លេសរដូវកាលឆ្នាំ២០១៩-២០២០ សម្រាប់ថ្ងៃព្រហស្បត្តិ ទី២៣ ខែមករានេះ មានការប្រកួតមួយគូ រវាងក្រុមឆ្កែព្រៃ Wolverhampton Wanderers ក្រុមចំណាត់ថ្នាក់លេខ៧ លើតារាងនឹងបើកទ្វារកីឡដ្ឋាន Molineux ទទួលស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool ក្រុមឈរនៅចំណាត់ថ្នាក់លេខ១ នាវេលាម៉ោង ៣ រំលងអធាត្រ។ សម្រាប់ហ្គេមនេះលោក Nuno Espírito Santo គ្រូបង្វឹករបស់ក្រុមឆ្កែព្រៃត្រៀមកម្លាំងពេញទំហឹង ព្រោះលេងនៅក្នុងទឹកដីហើយសង្ឃឹមថាយ៉ាងហោចណាស់អាចយកត្រឹមស្មើដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងតារាង ទោះបីត្រូវជួបជាមួយនឹងគូប្រកួតដ៏ខ្លាំងពូកែដូចជាក្រុម Liverpool ក្ដី។ បើតាមការសន្និដ្ឋានលោកអាចនឹងត្រៀមដាក់កីឡាករ João Moutinho និង Rúben Neves គ្រប់គ្រងតំបន់លេងកណ្ដាល ចំណែកក្រុមប្រយុទ្ធមាន Raúl Jiménez និង Adama Traoré ។ចំណែកលោក Jürgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហមសញ្ជាតិអាល្លឺម៉ង់ សង្ឃឹមថានឹងដឹកនាំក្រុមដណ្ដើមយកជ័យជំនះជាបន្តទៀត ដើម្បីសម្រេចគោលដៅឈ្នះពានរង្វាន់ Premier League ឲ្យបានកាន់តែឆាប់។ សម្រាប់ការលេងក្នុងហ្គេមនេះមិនមានបញ្ហាក្នុងការដាក់កីឡានោះទេ ព្រោះតារាស៊ុតដូចជា Roberto Firmino Sadio Mané និង Mohamed Salah សុទ្ធតែត្រៀមរួចរាល់មិនមានបញ្ហារបួសអ្វីដែលជាកង្វល់នោះទេ។
វិភាគ៖ ហ្គេមរវាងក្រុមនេះគឺជាការប្រកួតមួយដែលអ្នកគាំទ្ររបស់ក្រុម Liverpool ត្រៀមចិត្តត្រៀមកាយសម្រាប់លទ្ធផលយ៉ាងរន្ធត់ញាប់ញ័រ ព្រោះ Wolverhampton ជាក្រុមដែលមានរបៀបលេងល្អបំផុតមួយ ជាពិសេសគឺតំបន់កណ្ដាលនិងតំបន់ប្រយុទ្ធដែលធ្វើការសហការគ្នាបានយ៉ាងរលូន ជាពិសេសការវាយបកគួរឲ្យខ្លាចនិងរហ័សបំផុតដោយថ្វីជើងរបស់កីឡាករ  Adama Traoré ចំណែក Raúl Jiménezក៏សម្រេចទីបានយ៉ាងល្អមិនងាយនឹងភ្លែតស្នៀតដែរ ប៉ុន្តែទោះជាយ៉ាងនេះក្ដី Liverpool នៅតែប្រើប្រាស់ទម្រង់លេងដ៏ល្អរបស់ខ្លួនដដែលចំណែកការសម្រេចទីក៏ច្បាស់និងត្រង់គោលដៅ ហើយនេះក៏ជារឿងដ៏លំបាកមួយសម្រាប់ Wolverhampton ក្នុងការពារសំណាញ់ទីរបស់ខ្លួន ដូច្នេះសម្រាប់ការប្រកួតនេះអាចនិយាយបានថា Liverpool អាចយកជ័យជំនះបានយ៉ាងប្រផិតប្រផើយបំផុត លទ្ធផល ៖ តាមការប៉ាន់ស្មាន Liverpool 2-1Wolverhamtopn