About Me

header ads

ចាញ់បោកក្រុមហ៊ុនJLYរើសពលករទៅប្រទេសកូរ៉េ ម្នាក់ៗអស់រាប់ពាន់$

ភ្នំពេញ ៖ បុរស២នាក់តំណាងឲ្យជាង៣០នាក់បានទៅដាក់ពាក្យប្ដឹងសុំឲ្យនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យជួយអន្តរាគមន៍កាលពីវេលាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដោយបានអះអាងថា ចាញ់បោកក្រុមហ៊ុនJLY ជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសកូរ៉េ ដោយម្នាក់ៗអស់រាប់ពាន់ដុល្លារហើយ ជាលទ្ធផល ខាងក្រុមហ៊ុនវេចលុយរើផ្ទះ គេចខ្លួនបាត់ ទម្រាំដឹងថាចាញ់បោក ក្រុមហ៊ុនមិនដឹងថារត់គេចដល់ណាឡើយ។

បុរសម្នាក់ ឈ្មោះ ជួប ជួន អាយុ២៨ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងជាតំណាងប្រជាពលរដ្ឋ៣០នាក់ដែលចាញ់បោកក្រុមហ៊ុនខាងលើបានឲ្យដឹងថា ពួកគាត់មានគ្នាប្រមាណ៣០នាក់ រស់នៅខេត្តផ្សេងៗគ្នា ហើយកាលពីអំឡុងតែតុលា ឆ្នាំ២០១៨ ពួកគាត់នាំគ្នាទៅដាក់ពាក្យបង់លុយ នៅក្រុមហ៊ុនJLY ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ម្នាក់ៗអស់៣ពាន់ដុល្លា ខាងក្រុមហ៊ុនចេញឯកសារវិក័យប័ត្រ ត្រឹមត្រូវ ហើយឲ្យរងចាំថ្ងៃចាកចេញទៅបរទេសកូរ៉េ ក៏ប៉ុន្តែ ការរន្ទឹងរងចាំ អូសបន្លាយពីមួយខែទៅមួយខែ អស់រយៈពេលច្រើនខែទៅហើយ រហូតមកដល់ខែថ្មី ឆ្នាំថ្មី ២០២០ ទំនាក់ទំនងទៅខាងក្រុមហ៊ុនមិនបាន ទើបនាំគ្នាផ្អើលឆោឡោ រត់ទៅរកសមត្ថកិច្ច អាជ្ញាធរ ឲ្យជួយអន្តរាគមន៍ ។

បើតាមអ្វីដែលដឹង ក្រុមហ៊ុនJLYខាងលើ ប្រជាពលរដ្ឋរងគ្រោះ ផ្អើលតវ៉ា២លើកមកហើយ ទាំងលើកនេះ ជាលើកទី៣ហើយ ក្រោយពីក្រុមហ៊ុនឆបោក វេចលុយរត់ ទុកឲ្យប្រជាពលរដ្ឋចាញ់បោក ម្នាក់ៗលក់ដីស្រែចំការ ចងការគេ អស់រាប់ពាន់ដុល្លា ៕