About Me

header ads

រដ្ឋបាលខេត្ត កំពត បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន ( IGB) ពាក់ព័ន្ធនឹងគម្រោងការវិនិយោគអភិវឌ្ឍឆ្នេរនៅតំបន់កែបថ្មី

កែបៈ ព្រឹកថ្ងៃ ពុធ ទី១៤កើត  ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី០៨  ខែមករា ឆ្នាំ ២០២០ រដ្ឋបាលខេត្ត កំពត បានបើកកិច្ចប្រជុំ ជាមួយនឹងប្រធានក្រុមហ៊ុន( IGB) ពាក់ព័ន្ធនឹង ការជំរុញអនុវត្តគម្រោងវិនិយោគអភិវឌ្ឍឆ្នេរនៅតំបន់កែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ក្រោមកិច្ចដឹកនាំអង្គប្រជុំ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំ នេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ  និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងម្ចាស់ក្រុមហ៊ុន(IGB) អភិវឌ្ឍន៍ឆ្នេរតំបន់កែបថ្មី ។ គោលបំណងកិច្ចប្រជុំ ផ្ដោតសំខាន់ការចូលរួមពិភាក្សាផ្ដល់យោបល់ រាល់បញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹង ហេដ្ឋារចនាសម្ព័ន្ធ និងការអនុវត្តអោយស្របទៅនឹងច្បាប់អនុញ្ញាតរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍកម្ពុជា(CDC) ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានណែនាំជំរុញអោយ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនិងអាជ្ញាធរ មូលដ្ឋានមានកិច្ចសហការគ្នាល្អរវាងក្រុមហ៊ុន(IGB) ដើម្បីធ្វើយ៉ាងណាអោយគម្រោងការអភិវឌ្ឍឆ្នេរតំបន់កែបថ្មីនេះ បានលេចរូបរាងឡើង សំដៅធ្វើឲ្យបានសម្រេចតាមគោលបំណង ដែលរដ្ឋបាលខេត្តចង់បាន ក្នុងការពង្រឹងពង្រីកសក្ដានុពលវិស័យទេសចរណ៍នៅក្នុងខេត្ត ប្រកបដោយនិរន្តរភាពនិងចីរភាព។ ពិសេស ការបម្រើកំសាន្តសប្បាយជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានលេចរូបរាងឡើង ជាបណ្ដើរៗ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មកដល់នាពេលខាងមុខនេះ ។ ក្នុងនោះពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍នេះ ជាជំហានដំបូងនេះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំជំរុញឲ្យមាន កិច្ចសហសការយកចិត្តទុកដាក់ លើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគ្គិសនី ប្រព័ន្ធទឹកប្រើប្រាស់ រួមនិងសេវាកម្មបម្រើដល់ភ្ញៀវចូលមកកំសាន្តផងដែរ។ គួររំលឹកបញ្ជាក់ថា ឆ្នេរតំបន់កែបថ្មីនេះជាតំបន់មួយមានការវិនិយោគ ហើយមានច្បាប់ អនុញ្ញាតសម្រេចរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍកម្ពុជា(CDC) នៅក្នុងនោះគឺមានទំហំដី២០០ហិកតាគឺរដ្ឋបាលខេត្តទទួលបាន៤០ភាគរយអ្នកវិនិយោគទទួលបាន៦០ភាគរយ    មានន័យថារដ្ឋបាលខេត្តទទួលបានដី៨០ហិកតាអ្នកវិនិយោគទទួលបាន១២០ហិកតា។