About Me

header ads

ប្រជាពលរដ្ឋ ប្រមាណ១៥០នាក់ មកទទួលការពិនិត្យនិងព្យាបាលជម្ងឺភ្នែកដោយឥតគិតថ្លៃពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍ ប្រចាំនៅកម្ពុជា

ប្រជាពលរដ្ឋមកពីបណ្ដាមូលដ្ឋានក្នុងខេត្តកំពតខេត្តព្រះសីហនុ និងខេត្តកែបប្រមាណ ១៥០នាក់ បានមកទទួលសេវាការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍ ប្រចាំនៅកម្ពុជា ។ ដែលកម្មវិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ ២០២០ នៅភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត តាមរយៈការចូលរួមសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តមម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត ។

លោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍប្រចាំនៅកម្ពុជាបានឲ្យដឹងថា អង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍ តែងបានចូលរួមចំណែក ធ្វើសកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយនិងសាសនាអ្វីឡើយ នៅតាមសហគមន៍នានាក្នុងមូលដ្ឋានមួយចំនួនក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ។ ជាពិសេសនៅក្នុងខេត្តកំពត ដោយបានផ្ដោតលើសកម្មភាពសំខាន់ៗ គឺការអប់រំលើធនធានមនុស្ស សុខភាពអនាម័យជនបទ និងមូលនិធិសមធម៌ក្នុងសហគមន៍។ ជាក់ស្ដែងកម្មវិធីពិនិត្យ និងការព្យាបាលភ្នែកដោយឥតគិតថ្លៃ នៅពេលនេះគឺជាគម្រោង តាមរយៈជំនួយមនុស្សធម៌របស់ប្រទេសគុយវ៉េត ដែលមានប្រជាពលរដ្ឋ នឹងត្រូវមកចូលរួមទទួលការពិនិត្យនិងព្យាបាល មកពីខេត្ត ចំនួន៣ គឺខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពត សារុបចំនួនប្រមាណ១៥០នាក់។

ហើយការពិនិត្យនិងការព្យាបាល នៅពេលនេះ គឺមានគ្រូពេទ្យភ្នែកចំណានៗមកពីរាជធានីភ្នំពេញ មិនតែប៉ុណ្ណោះបើសិនការពិនិត្យនេះទៀតសោត មានប្រជាពលរដ្ឋណាម្នាក់ មានជំងឺភ្នែកធ្ងន់ធ្ងរ អង្គការរបស់លោកនឹងបញ្ជូនអ្នកជម្ងឺនោះទៅធ្វើការព្យាបាលនិងវះកាត់នៅភ្នំពេញដោយមានការធានារ៉ាប់រង ចំណាយលើសេវាផ្សេងៗ របស់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍទៀតផង។

ឯកឧត្តមម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពតបានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយចាត់ទុកសកម្មភាពកន្លងមករបស់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍគឺជាការងារសង្គមមួយដែលរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យមានការចូលរួមមិនអាចខ្វះបាន ពិសេសកិច្ចសហការក្នុងការពិនិត្យនិងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋនៅពេលនេះគឺជាកាយវិការ ដ៏សប្បុរសធម៌មួយបានរួមចំណែកយ៉ាងល្អប្រពៃជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនោះឯកឧត្តម អ្នកតំណាងរាស្រ្តក៏បានចាត់ទុកនិងប្រៀបប្រដូចសុខភាពភ្នែកនិងសុខសន្តិភាព របស់ប្រទេសជាតិគឺពិតជា សេចក្ដីត្រូវការដ៏មានសារៈសំខាន់ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅនិងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីដែលតែងបានខិតខំយកចិត្តទុកដាក់ជាសំខាន់។ ដូច្នេះបញ្ហាសុខភាពភ្នែកបើយើង មានជំងឺភ្នែកមើលអ្វីមិនឃើញពិតជាពិបាកនឹងការរស់នៅឬប្រកបកិច្ចការងាផ្សេងៗបាន ប៉ុន្តែដូចគ្នានេះដែរបើបញ្ហាប្រទេសជាតិបើពុំមានសុខសន្តិភាព ពេញបរិបូណ៌នោះទេ ការរស់នៅឬប្រកបមុខរបររកស៊ីផ្សេងៗសម្រាប់ប្រជាពលរដ្ឋក៏ពិបាកនោះដែរ។

ដូច្នេះមានតែយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខភាពភ្នែកឱ្យបានល្អនិងសុខសន្តិភាពប្រទេសជាតិឲ្យបានរឹងមាំ ទើបយើងទាំងអស់គ្នារស់នៅប្រកបដោយសុភមង្គល និងការអភិវឌ្ឍប្រទេសជាតិបានកាន់តែរីកចម្រើនថែមទៀតផងដែរ។ ឯកឧត្តមម៉ាត់ សេតអ្នកតំណាងរាស្រ្ត ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋយើងរក្សា សុខភាពឲ្យបានល្អទាំងអស់គ្នាមិនថាតែសុខភាពភ្នែក ឬសុខភាពខ្លួនប្រាណឡើយ ពិសេសរស់នៅប្រកបដោយអនាម័យហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត រួមនឹងការគោរពច្បាប់កក្នុង សង្គមផងដែរ។