About Me

header ads

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តកំពង់ឆ្នាំងប្រារព្ធពិធីផ្សព្វផ្សាយឈ្វេងយល់អំពីបុណ្យមាឃបូជា

កំពង់ឆ្នាំងៈ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តកំពង់ឆ្នាំងបានរៀបចំប្រារព្ធពិធីផ្សព្វផ្សាយឈ្វេងយល់អំពីបុណ្យមាឃបូជា ។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីផ្សព្វផ្សាយកម្មវិធីឈ្វេងយល់បុណ្យមាឃបូជា  ក្រោមព្រះធិបតីភាពព្រះធម្មវង្សាធិបតី សុខថាន ព្រះមេគុណខេត្តកំពង់ឆ្នាំង លោកឧបាសក អៀង សុធារ៉ា នាយកក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដោយមានការនិមន្តនិងចូលរួមពីលោកអភិបាលរងក្រុងកំពង់ឆ្នាំង មន្ទីរធម្មការនិងសាសនាខេត្ត មន្ទីរអប់រំខេត្ត ថ្នាក់ដឹកនាំមន្រ្តីសង្ឃខេត្ត សាស្រ្តាចារ្យ សមណនិសិ្សត និសិ្សត សរុប២៥០អង្គ/នាក់។​ លោកឧបាសក អៀង សុធារ៉ា បានបញ្ចាក់ថា បុណ្យមាឃបូជា មាន២យ៉ាង ប្រភពទី១  បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាតព្រះអរហន្ត១២៥០អង្គ ដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណិមីក្នុងឆ្នាំរកា មុនពុទ្ធសករាជ៤៤ឆ្នាំ ដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។ ប្រភពទី២  បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណិមី ខែមាឃ ជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។




ក្នុងពិធីនោះមានបួងសួង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព។ព្រះធម្មវង្សាធិបតី សុខ ថាន ក៏បានអំពាវនាវដល់សមណនិសិ្សត និស្សិត ត្រូវរួមគ្នាថែរក្សាប្រពៃណីជាតិ ថែរក្សា សុខសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ ឱ្យសង្គមជាតិមានការរីកចម្រើន និងអោយពុទ្ធបរិស័ទមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជា ៕