About Me

header ads

មេការ និងកម្មករក្មេងចាស់ប្រុសស្រី មានកូនតូចៗ ជាង៤០នាក់ ស្នាក់នៅក្នុងអគារកំពុងសាងសង់កម្ពស់១១ជាន់នៅព្រំដែនកម្ពុជាថៃ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីរលំ បាក់អគារកម្ពស់៧ជាន់ ដែលក្លាយទៅជាសោកនាដកម្មនៅខេត្តកែបរួចមក ខណ:កម្មករ និងមេការជាច្រើននាក់ស្នាក់នៅធ្វើការ បណ្តាលឱ្យអ្នកខ្លះ របួសធ្ងន់ស្រាល និងខ្លះស្លាប់បាត់បង់ជីវិតអស់ទាំងគ្រួសារ កាលពីពេលថ្មីៗ កន្លងទៅ រហូតមកដល់រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ គេសង្កេតឃើញមាន អគារដ៏ស្គឹមស្គៃមួយកន្លែង កម្ពស់រហូតដល់១១ជាន់ គេ កំពុងតែដំណើរការសាងសង់ ហើយគេស្គាល់ថា ជាអគារជនជាតិចិន (កាស៊ីណូ) នៅជាប់នឹងព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយមានមេការសំណង់ និងកម្មករខ្មែរជាង៤០នាក់ កំពុងស្នាក់នៅខាងក្រោមផងដែរ ។ ដូច្នេះ ជាហេតុធ្វើឱ្យគេមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ ព្រោះគ្រោះថ្នាក់កើតឡើងគឺមើលមិនឃើញនោះឡើយ ។




 ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានប្រាប់ឱ្យភ្នាក់ងារសារព័ត៌មានដឹងថា ការស្នាក់នៅធ្វើការក្នុងអគារ ដែលទើបនឹងស្ថាបនាមិនទាន់ រួចរាល់បែបនេះ ពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ បើទោះបីជាអគារនោះមានសរសរគ្រឹះរឹងមាំយ៉ាងណាក៏ដោយ ចុះបើសិនជាថ្ងៃណាមួយមានសម្ភារ: ឬ ឈើ ដែក ដែលនៅខាងលើរបេះរបូត ធ្លាក់ចុះមកខាងក្រោម ប៉ះចំមនុស្ស អាចនឹងបណ្តាលឱ្យរងរបួស និងស្លាប់ជាក់ជាមិនខាន ។ ប្រភពបន្តទៀតថា អាជ្ញាធរមូលដ្ឋានគួរតែចុះទៅពិនិត្យ និងធ្វើការណែនាំអប់រំកម្មករទាំងនោះ ឱ្យធ្វើការសង់ជារោង ឬកន្លែងស្នាក់នៅខាងក្រៅអគារ ទើបអាចធានាបាននូវសុវត្ថិភាព សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ។ លើសពីនេះ អគារដ៏ខ្ពស់ត្រដែតមួយនេះ ខណ:កំពុងស្ថាបនាមិនទាន់រួចរាល់នៅឡើយ ទេ ហើយមានកម្មករក្មេងចាស់ប្រុសស្រីជាច្រើននាក់ស្នាក់នៅខាងក្រោម ដោយអ្នកខ្លះមានកូនតូចៗ ថែមទៀត គឺអាចប្រឈមនឹងគ្រោះថ្នាក់ ជាយថាហេតុ ។​ ចំណែកអ្នកខ្លះទៀត បានលើកឡើងថា កម្មករទាំងអស់នោះមិនមែនសុទ្ធតែអ្នករស់នៅក្នុងខេត្តប៉ៃលិនទេ ភាគច្រើនគឺជាពលករចំណាកស្រុកមកពីតាមបណ្តាខេត្តនានា ហើយពួកគេអត់មានផ្ទះសម្បែង ស្នាក់អាស្រ័យនោះឡើយ បើមិនឱ្យពួកគេស្នាក់នៅក្នុងអគារ ដែលទើបនឹងសាងសង់នោះទេ តើគួរឱ្យពួកគេទៅស្នាក់នៅឯណា បើផ្ទះក៏នៅឆ្ងាយ បើជួលផ្ទះសំណាក់គេស្នាក់នៅក៏មានតម្លៃខ្ពស់ ដូច្នេះមានតែនាំគ្នាប្រថុយ និងទ្រាំស្នាក់នៅក្នុងអគារដែលកំពុងសាងសង់បែបនេះ ។




បើតាមប្រភពពីកម្មករម្នាក់ដែលធ្វើការក្នុងអគារខាងលើបានឱ្យដឹងថា គឺជាអគារកាស៑ីណូជនជាតិចិន និងកូរ៉េ ហើយមានកម្មករជាង៤០នាក់ ស្នាក់នៅធ្វើការផងដែរ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ខាងលោក អត់បានដឹងពីចំនួនពលករប៉ុន្មាននាក់ស្នាក់នៅក្នុងអគារនោះទេ ហើយក៏មិនបានគ្រប់គ្រងមើលពួកគេទាំងអស់នោះដែរ គឺខាងមន្ទីរជំនាញ ជាអ្នកមើលការខុសត្រូវ បើចង់ដឹងច្បាស់ឱ្យទាក់ ទងទៅខាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ។ ចំណែកលោក ភី ឡង់ឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិន បានឱ្យដឹងថា បើតាមលិខិតក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី គឺមិនអាចអនុញ្ញាតិឱ្យកម្មករណាម្នាក់ ស្នាក់នៅក្នុងអគារ ដែលទើបនឹងសាងសង់ថ្មីមិនរួចរាល់នោះឡើយ ។ លោកបន្តទៀតថា បើសិនជាមានកម្មករ និងមេការស្នាក់នៅក្នុងអគារនោះមែន ខាងលោកនឹងសហការគ្នា ចុះទៅធ្វើការអប់រំ និងណែនាំ មិនឱ្យបន្តស្នាក់នៅទីនោះទៀតឡើយ ៕