About Me

header ads

ល្ខោនអានរឿង ចម្រៀងនាំសារ ក្នុងទម្រង់មួយដែលប្រិយមិត្តទស្សនិកជនកម្របានឃើញ មានរួមបញ្ចូលនូវបទចម្រៀងមរតកដើមពីរោះៗ

កម្មវិធីបីថ្ងៃនៃល្ខោន ដែលបានរៀបចំឡើងដោយវិទ្យស្ថានភាសាបារំាងនៅកម្ពុជា បានបញ្ចប់ទៅដោយជោគជ័យ ដោយមានការគាំទ្រទស្សនាយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងនោះស្នាដៃល្ខោនចំណងជើងថា ចម្រៀងនាំសារ បានទាក់ទាញនូវការចាប់អារម្មណ៍ និងស្នូរទះដៃ ពេញសាលសម្តែងតែម្តង ក្រោមការសម្តែងដោយសិល្បករដ៏មានទេពកោសល្យ លោក ណេន ភារិទ្ធិ និងសិល្បៈការិនីរូបស្រស់ អ្នកនាង ពុំ ធារ៉ាចិន្តា។ សាច់រឿងនេះ បានរៀបរាប់បង្ហាញឱ្យឃើញពីសេចក្តីស្នេហារបស់នារីម្នាក់ ឈ្មោះចរណៃ ដែលមានចិត្តលួចស្រលាញ់សុភាពបុរសម្នាក់ឈ្មោះ ភក្តី។ ចរណៃ ក៏បានប្រើគ្រប់វិធីសាស្រ្តសារភាពស្នេហ៍ទៅកាន់ភក្តី តាមរយៈបទចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងជាបទចម្រៀងខ្មែរមរតកដើមពីរោះៗ។ ក្នុងឱកាសនៃការសម្តែងនេះ សិល្បករ លោក ណេន ភារិទ្ធិ និងអ្នកនាង ពុំ ធារ៉ាចិន្តា បានពោលបង្ហាញអារម្មណ៍រំភើបក្នុងចិត្ត ចំពោះការសម្តែងល្ខោនអានរឿង ចម្រៀងនាំសារនេះ ដោយបញ្ជាក់ពីលក្ខណៈពិសេស និងភាពខុសប្លែកពីល្ខោននិយាយផ្សេងៗ។
ស្របនឹងគោលបំណងដូចគ្នានេះ អ្នកនាង ពុំ ធារ៉ាចិន្តា ក៏បានសំនូមពរឱ្យប្រិយមិត្តទស្សនិកជន មកចូលរួមទស្សនាការសម្តែងល្ខោនគ្រប់ទម្រង់របស់ខ្មែរ ជាពិសេសល្ខោនអាននេះ ដែលពិតជាកម្របានទស្សនាខ្លាំងណាស់។ រំលងផុតទៅជាច្រើនឆ្នាំមកហើយ ដែលប្រិយមិត្តមហាជនខានបានទស្សនាការសម្តែងល្ខោន មិនថាទាំងល្ខោនអាន ឬល្ខោននិយាយនោះទេ។ ល្ខោនអានរឿង ចម្រៀងនាំសារនេះ បានរម្លឹកឱ្យឃើញពីសិល្បៈនៃការសម្តែងល្ខោនរបស់ខ្មែរយ៉ាងមានភាពរស់រវើក សមសួន ទាំងទឹកមុខ ដំណើរ សម្តីសំដៅ ព្រមនឹងសាច់រឿង និងចម្រៀងទៀតសោត។ ផ្សារភ្ជាប់ជាមួយនឹងគោលបំណងនៃការរៀបចំកម្មវិធីនេះ សូមទូរទស្សនិកជនបន្តការស្រឡាញ់ គាំទ្រ និងចូលរួមទស្សនាការសម្ដែងល្ខោនគ្រប់កម្មវិធីអោយបានច្រើន ពីសិល្បករសិល្បការិនីគ្រប់រូប ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរបន្តទៅមុខទៀត។







អត្ថបទដោយៈ សំណាង