About Me

header ads

រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំពិភាក្សា លើគម្រោងគាំទ្រ រចនាប្លង់លំអិតនៃការអនុវត្តន៍ គម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹងក្រុងកំពត

កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំរវាងអាជ្ញាធរ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធក្នុងខេត្ត ជាមួយនឹងមន្ត្រីបច្ចេកទេសនៃក្រសួងពាក់ព័ន្ធ និងអ្នកម៉ៅការ  ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះបានលើកជារបៀបវារៈសំខាន់យកមកពិនិត្យ និងពិភាក្សា ក្នុងនោះពាក់ព័ន្ធគម្រោងគាំទ្រការគ្រប់គ្រង និងអនុវត្តការរចនាប្លង់លម្អិត និងការត្រួតពិនិត្យការសាងសង់សម្រាប់ឈានដល់ការអនុវត្តនៅអនុគម្រោងចំនួន២គឺ ទី១-អនុគម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង។ ទី២-អនុគម្រោងការគ្រប់គ្រងសំណល់រឹងក្រុងកំពត។




មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា គម្រោងទាំងពីរខាងលើ គឺជាគម្រោងមួយបានសិក្សាវាយតម្លៃជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែបានចាប់ផ្ដើម ដំណើរការកសាងថ្មីៗនេះហើយកិច្ចប្រជុំនៅពេលនេះ គឺជាលើកដំបូងដែលយើងទាំងអស់គ្នា ត្រូវតែ រួមគ្នាពិនិត្យពិភាក្សានិងវាយតម្លៃ ឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បី ធ្វើការកែលម្អដោះស្រាយឲ្យបានសម្រេចសម្រាប់ការអនុវត្តគម្រោងនេះឲ្យទទួលបានលទ្ធផលជោគជ័យ។



ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងដែរថា គម្រោងខាងលើនេះគឺជាគម្រោងមួយស្ថិតក្នុងគម្រោង អភិវឌ្ឍក្រុងរបៀងនៃមហាអនុតំបន់ទន្លេមេគង្គទី២ក្រោមឥណទាន កម្ចីរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) គឺត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យអនុវត្តក្នុងក្រុងចំនួន២ គឺក្រុងព្រះសីហនុ និងក្រុងកំពត។ ឯកឧត្តម  ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចមន្ទីរជំនាញពាក់ព័ន្ធត្រូវចូលរួមបង្កើនកិច្ចសហការធ្វើយ៉ាងណាឲ្យដំណើរការនៃការសាងសង់ប្រព្រឹត្តទៅដោយរលូនទទួលបានលទ្ធផលជោគជ័យល្អប្រសើរ។