About Me

header ads

ឯកឧត្តមអភិបាលខេត្តស្វាយរៀង ទទួលជួបជាមួយតំណាងក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃ

ស្វាយរៀង៖នៅសាលប្រជុំ VIP សាលាខេត្តស្វាយរៀងនាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីគម្រោងដែលក្រុមហ៊ុនគ្រោងនឹងធ្វើការវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្ដមអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពទូទៅ និងសក្ដានុពលសំខាន់ៗរបស់ខេត្តស្វាយរៀង ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនជប៉ុនដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងខេត្តស្វាយរៀងនៅពេលនេះ ដែលចូលរួមចំណែកកាត់បន្ថយទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមចំណែកលើការកម្ពស់សោភ័ណ្ឌភាពនៅក្នុងខេត្តស្របទៅតាមសម័យកាលបច្ចុប្បន្ន។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រនឹងសហការផ្តល់ឪកាសអោយក្រុមហ៊ុនសិក្សាទៅលើតាំងភូមិសាស្ត្រក្នុងក្រុងស្វាយរៀង និងក្រុងបាវិតដើម្បីផ្លាស់ប្តូរ និងបំពាក់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃនាពេលខាងមុខនេះ ។