About Me

header ads

សិស្សស្រីចំនួន ១០នាក់បានដួលសន្លប់ជាបន្តបន្ទាប់

មណ្ឌលគិរី៖សិស្សស្រីចំនួន ១០នាក់ ដែលកំពុងសិក្សានៅវិទ្យាល័យហ៊ុនសែនកែវសីមា ស្ថិតនៅក្នុងស្រុកកែវសីមានៃខេត្តមណ្ឌលគិរី បានដួលសន្លប់ជាបន្តបន្ទាប់ ហើយកំពុងតែស្ថិតនៅក្នុងការសង្គ្រោះ របស់ក្រុមគ្រូពេទ្យ ក្នុងមូលដ្ឋាននេះ។

សិស្សម្នាក់ក្នុងចំណោមសិស្សដែលដួលសន្លប់ បានរៀបរាប់ថា ក្នុងពេលកំពុងសិក្សាពេលរសៀល ក៏ស្រាប់តែមានសិស្សម្នាក់ បានដួលសន្លប់ក្នុងបន្ទប់រៀន  មួយសន្ទុះក្រោយមកក៏មា នការដួលជាបន្តបន្ទាប់ទៀត ពេលឃើញ មិត្តភក្កិរបស់ខ្លួនសន្លប់។

សិស្សដដែលបានរៀបរាប់ថា នៅសាលារៀនរបស់ពួកគេ គឺជាអគារសិក្សាថ្មី ដែលទើបសាងសង់រួច និងនៅក្បែរ ព្រៃការពាររបស់ដែនជម្រកសត្វព្រៃកែវសីមា ហើយនៅពេលដែលដួលសន្លប់នោះ អាកាសធាតុនៅក្នុងបន្ទប់រៀន មានសភាពក្តៅខ្លាំង បើទោះបីជាមានកង្ហារ ចំនួនពីរគ្រឿងក៏ដោយ។ សិស្សដដែលបន្តទៀតថា ចំពោះអាការៈ នៃសិស្សដែលដួលសន្លប់ គឺមានការចុកជើង ណែនដើមទ្រូង ពិបាកដកដង្ហើម និងវិលមុខ។

លោកគ្រូម្នាក់ បានបញ្ជាក់ដែរថា អាកាសធាតុនៅថ្ងៃកើតហេតុនេះ មានភាពក្តៅហប់ ខ្លាំង ហើយសិស្សបានដួលសន្លប់ជាបន្តបន្ទាប់ដែលតម្រូវឱ្យលោកគ្រូអ្នកគ្រូរួមទាំងអាជ្ញាធរ ប្រញាប់ប្រញាល់បញ្ជូនសិស្សានុសិស្ស មកកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

លោកវេជ្ជបណ្ឌិត នៅក្នុងមន្ទីរពេទ្យឯកជន ឈ្មោះ សុខ បញ្ញា២ បានឱ្យដឹងថាចំពោះអាការៈអាចបណ្ដាលមកពី ក្តៅខ្លាំង និងកង្វះអុកស៊ីសែននៅក្នុងបន្ទប់រៀន។

ក្រោយការដួលសន្លប់ដែលបានអូសបន្លាយចាប់ពីម៉ោង ១ រសៀល ថ្ងៃទី ២៣ ខែមករានេះ ក្រោមកិច្ចអន្តរាគមន៍ពីលោកឧត្តមសេនីយ៍ទោឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកនួនសារ៉ន អភិបាលស្រុកកែវសីមា រួមទាំងអាជ្ញាធរមន្ត្រីរាជការទាំងអស់ បានដុតដៃដុតជើង ជួយសង្គ្រោះ សិក្សានុសិស្សដោយខ្លះត្រូវបញ្ជូនទៅមន្ទីរពេទ្យឯកជន ខ្លះទៀតត្រូវបញ្ជូនទៅមណ្ឌលសុខភាព កែវសីមានិងអ្នកដែលមានអាការៈធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ករណីដួលសន្លប់នៅក្នុងវិទ្យាល័យហ៊ុនសែនកែវសីមានេះ ត្រូវបានសិស្សានុសិស្សបញ្ជាក់ថាមិនមែនជាលើកទី ១នោះទេ ដែលមានការដួលសន្លប់ ។ការដួលសន្លប់នេះគឺបានអូសបន្លាយអស់រយៈពេលច្រើនថ្ងៃមកហើយ ប៉ុន្តែមានតែសិស្សម្នាក់ឬពីរនាក់ប៉ុណ្ណោះដែលដួលសន្លប់ ហើយនាថ្ងៃទី ២៣មករានេះចំនួននៃអ្នកសន្លប់មានការកើតឡើងតែម្តង៕