About Me

header ads

តារាស្រី កញ្ញា មាន សូនីតា បានបង្ហាញពីវិធីសាស្រ្តក្នុងការលាងដៃ ដើម្បីជួយបង្ការការឆ្លងជំងឺពីមេរោគ ឬវីរុសផ្សេងៗ

ស្របពេលដែលវីរុសកូរ៉ូណាថ្មីកំពុងរាតត្បាតពេញទូទាំងពិភពលោក បានកំពុងចោទជាបញ្ហា បង្កឱ្យមានសេចក្តីព្រួយបារម្ភចំពោះការបៀតបៀនពីជំងឺរលាកសួតប្រភេទថ្មីនេះ។ សម្រាប់បងប្អូនប្រជាជនកម្ពុជាក៏កំពុងមានការភ័យព្រួយ និងពុំបានយល់ដឹងពីវិធីបង្ការខ្លួនពីជំងឺនេះឱ្យបានច្បាស់លាស់នៅឡើយទេ។​ ហេតុដូច្នេះហើយ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញនូវសេចក្តីប្រកាសអំពីកិច្ចការពារខ្លួន និងវិធានការណ៍ការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCov) យោងតាមសេចក្តីប្រកាសដែលបានចេញនៅថ្ងៃអាទិត្យទី ២៦ ខែមករា ឆ្នាំ២០២០ ផងដែរ។ ជាមួយគ្នានេះ តារាស្រីល្បីឈ្មោះមួយរូបនៅកម្ពុជា កញ្ញា មាន សូនីតា ក៏បានចូលខ្លួនបង្ហាញពីវិធីសាស្រ្តក្នុងការរក្សាអនាម័យនៃការលាងសំអាតដៃ ដើម្បីជួយបង្ការការឆ្លងជំងឺពីមេរោគ ឬវីរុសផ្សេងៗ ជាពិសេសគឺវីរុសកូរ៉ូណាថ្មីនេះតែម្តង។ ក្នុងបំណងដូចគ្នានេះ ព័ត៌មានសិល្បៈកំសាន្តសូមរៀបរាប់ប្រាប់អំពីវិធានការណ៍ការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCov) ដោយតាមរយៈប្រសាសន៍របស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានចាត់ឱ្យអនុវត្តវិធានការណ៍ដូចតទៅៈ
១. ជៀសវាងប៉ះពាល់ជិតស្និទ្ធិជាមួយអ្នកមានជម្ងឺផ្លូវដង្ហើមស្រាប់។
២. លាងដៃឱ្យបានញឹកញាប់ (ជាមួយសាប៊ូនិងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺឬបរិស្ថានជុំវិញគាត់។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រវូហាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ត្រូវលាងដៃឱ្យបានទៀងទាត់និងញឹកញាប់ មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលជាប្រភពចម្លងរោគ។
៤. ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចម្អិនឆ្អិនល្អ ជាពិសេសសាច់ និងស៊ុត។
៥. អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។ ត្រូវលាងដៃនឹងសាប៊ូ ជាមួយទឹកស្អាតភ្លាមៗ ក្រោយពីក្អកកណ្តាស់។
៦. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង ១ ម៉ែត្រជាមួយបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវជាដើម។










 

អត្ថបទដោយៈ សំណាង

ប្រភពវីដេអូពីយូធូបឆាណែលៈ MeanSonyta