About Me

header ads

លួចម៉ូតូគេចេញពីខេត្តតាកែវ មកជាប់អន្ទាក់នៅភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ១គ្រឿងបានសម្រេចរួចបានជិះចេញពីខេត្តតាកែវ រត់ចូលមកភ្នំពេញ ក៏ត្រូវបាននគរបាលខណ្ឌដង្កោ ធ្វើការចាប់ឃាត់ខ្លួនបាន កាលវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវ២១៧ ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើរួមមាន ៖ ១/ឈ្មោះ ទុំ កន ភេទប្រុស អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រសាំងពល ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ។២/ឈ្មោះ សែប ទូច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុក គីរីវង់ ខេត្តតាកែវ ។

នគរបាលក៏បានដកហូតយកវត្ថុតាងពីជនសង្ស័យផងដែររួមមាន ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានស្លាកលេខ (ដែលជនសង្ស័យលួចបានរួចគាស់ស្លាកលេខ ចោល) មានលេខតួ និងលេខម៉ាស៊ីន5609008, កាំបិតប៉័ងតោដងឈើចំនួន០១, ទួនណាវីសតូចចំនួន០២, ខ្សែលួស (សម្រាប់តភ្ជាប់ខ្សែភ្លើង) ប្រវែង១០សង់ទីម៉ែត្រ ១សរសៃ ,ទូរស័ព្ទដៃម៉ាក Honor ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង, កាបូបលុយពណ៌ខ្មៅ១, លុយខ្មែរចំនួន៨៥០០រៀល , កូនសោរម៉ូតូ១, ដែកកេះ១, សៀវភៅធានាគុណភាពម៉ូតូរមានសរសេរឈ្មោះ ស្តើង ចន្នី ១ក្បាល ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបសនធ្វើសកម្មភាពកាច់សោរកម៉ូតូ១គ្រឿងខាងលើកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។បន្ទាប់មកបានគេចខ្លួនដោយសុវត្ថិភាព និងបានគាស់ស្លាកលេខចោល លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានជិះចេញពីខេត្តតាកែវចូល មករាជធានីភ្នំពេញ ក្នុងបំណងយកទៅលក់ ប៉ុន្តែបានជួបកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ កំពុងត្រួតពិនិត្យជាតិអាល់កុល នៅលើផ្លូវ២១៧ ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ឃើញម៉ូតូអត់ស្លាកលេខគួរឲ្យសង្ស័យក៏ឃាត់សួរនាំទើបធ្លាយរឿងម៉ូតូលួចក៏បានចាប់ខ្លួនរួចឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលស្រុកគីរីវង់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ យកទៅធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕