About Me

header ads

អណ្តូងទឹកស្អាតចំនួន ១៤ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន២៩២ គ្រួសារ ជាផ្លូវការនៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែងៈ ប្រជាពលរដ្ឋរស់នៅភូមិចំនួន៧នៃឃុំនិងសង្កាត់ចំនួន២ក្នុងរួមមានឃុំអូរស្វាយ ស្រុកបុរីស្វាយសែនជ័យនិងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានប្រជាពលរដ្ឋចំនួន២៩២គ្រួសារដែលខ្វះខាតទឹកស្អាតប្រើប្រាស់ នៅពេលនេះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់ឲ្យ ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន១៤ ជាប្រភេទអណ្តូងអាហ្រ្វីដេស ជាផ្លូវការហើយ ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។





ក្នុងឱកាសនោះ ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត   បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក  និងការគិតគូរពីសុខុមាលភាពរបស់ លោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់។ លោកថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ក៏បានផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឱ្យបានល្អ  ជាពិសេសក្នុងរដូវក្តៅនេះ ត្រូវពិសាទឹកដាំពុះ សម្អាតបរិស្ថាន  ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទាំងទឹកស្អាត និងទឹកកសិកម្ម ទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដោយសារតំបន់ខ្លះអាចប្រឈមនឹងគ្រោះរាំងស្ងួត និងរួមគ្នាថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាត ទាំងនេះឱ្យបានគង់វង្សយូរអង្វែងតទៅ ។





លោក  សាយ  ព្រលឹង  នាយកប្រតិបត្តិ សាខា  បានឱ្យដឹងថា  ចាប់តាំងពីឆ្នាំ២០១៥  ដល់ដើមឆ្នាំ២០២០ នេះ  ខេត្តស្ទឹងត្រែង  បានទទួលអណ្តូងទឹកស្អាតសរុបចំនួន ១៥២អណ្តូង ពីកាកបាទក្រហមកម្ពុជា  ដែលបានសាងសង់ក្នុងស្រុកគោលដៅចំនួន ៥ មានស្រុកសៀមប៉ាង ស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ ក្រុងស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ  ក្នុង១១ឃុំ/សង្កាត់ ស្មើនឹង ៣៧ ភូមិ មានប្រជាពលរដ្ឋទទួលផលចំនួន ៣.១២៩ គ្រួសារ ស្មើនឹង ១៦.៥៥១ នាក់។ លោកនាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់  បានសំដែងនូវក្តីរំភើបរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។