About Me

header ads

គ្រូបង្គោលអង្គរថៃហ្គ័រមានអារម្មណ៍វិជ្ជមានថានឹងអាចប្រជែងពានលីគកំពូលនៅរដូវកាលថ្មីនេះ ទោះចាញ់ពានមិត្តភាពក្ដី

ក្រុមអង្គរថាយហ្គ័របានរងនូវបរាជ័យជាលើកទី២ក្នុងពានមិត្តភាពដែលរៀបចំឡើងដោយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន។ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះភ្នំពេញក្រោន ២-១ នៅប្រកួតដំបូង ក្រុមខ្លាទឹកក្រូចខេត្តសៀមរាបមួយនេះបន្តចាញ់ក្រុមខេដាសនៅប្រកួតទី២ទៀតដោយលទ្ធផល ១-០ ធ្វើឲ្យពួកគេអស់ឱកាសក្នុងការប្រជែងពានរង្វាន់មិត្តភាពមួយនេះ។ ទោះយ៉ាងនេះក្តី លោក អូរីយ៉ូល ម៉ូហេដាណូ (Oriol Mohedano Segura )  គ្រូបង្គោលក្រុមអង្គរថាយហ្គ័របានបង្ហាញចំណុចវិជ្ជមានជាច្រើន ថ្វីបើរងបរាជ័យដល់ទៅ២ប្រកួតជាប់គ្នាក៏ដោយ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់មកកាន់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ តាមរយៈសារអេឡិចត្រូនិកយ៉ាងដូច្នេះ “ការប្រកួតក្នុង Tournament មួយនេះបានផ្តល់បទពិសោធន៍ដ៏ល្អឲ្យពួកយើង ព្រោះពីមុនមកយើងដែលប្រកួតមិត្តភាពអន្តរជាតិមុនបើករដូវកាលថ្មីទេ។ លោករីករាយចំពោះការលេងពានមិត្តភាពនេះ ព្រោះវាផ្តល់ឱកាសឲ្យលោកបានដាក់កីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ១៧ឆ្នាំ ១៦ឆ្នាំឲ្យពួកគេបានចូលលេងជាមួយគ្នាគ្រប់ឈុតដើម្បីបង្ហាញទម្រង់លេងនៅនឹងមុខលោកផ្ទាល់តែម្តង។”

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក បានបញ្ជាក់ប្រាប់នៅឃ្លាចុងក្រោយបន្ថែមទៀតថា “ខ្ញុំមានអារម្មណ៍វិជ្ជមានក្នុងការជម្រាបអ្នកគាំទ្របាល់ទាត់កម្ពុជាឲ្យដឹងថា ពួកយើងនឹងចូលរួមប្រជែងពានលីគកំពូលនៅរដូវកាលក្រោយយ៉ាងស្វិតស្វាញបំផុត។” ការលើកឡើងដោយគោលជំហររឹងមាំ និងភាពជឿជាក់នេះធ្វើឡើងក្រោយគ្រូបង្វឹកមកពីតំបន់កាតាឡាន់រូបនេះដឹកនាំក្រុមរបស់លោកបរាជ័យ២ប្រកួតជាប់គ្នានៅក្នុងពានរង្វាន់មិត្តភាពដែលរៀបចំឡើងដោយក្រុមភ្នំពេញក្រោន។ សូមបញ្ជាក់ថា ក្រុមអង្គរថាយហ្គ័រ និងក្រុមខេដាសអេហ្វអេមកពីលីគកំពូលម៉ាឡេស៊ីត្រូវបានក្រុមភ្នំពេញក្រោនអញ្ចើញមកចូលរួមប្រកួតពានមិត្តភាពអន្តរជាតិឆ្នាំ២០២០ ដោយប្រកួតតាមរូបមន្តសន្សំពិន្ទុ។

សម្រាប់ក្រុមអង្គរថាយហ្គ័រអស់ ឱកាសប្រជែងពានមិត្តភាពមួយនេះហើយក្រោយចាញ់ម្ចាស់ផ្ទះភ្នំពេញក្រោន ២-១ នៅប្រកួតដំបូង និងបន្តចាញ់ក្រុមខេដាស ១-០ នៅប្រកួតទី២ ខណៈដែលក្រុមម្ចាស់ផ្ទះ និងខេដាសដែលឈ្នះម្នាក់១ប្រកួតមាន៣ពិន្ទុស្មើគ្នានោះនឹងត្រូវប្រកួតកាត់ក្តីដណ្តើមពានមិត្តភាពឆ្នាំ២០២០នេះនៅថ្ងៃអង្គារទី១៤ ខែមករាឆ្នាំ២០២០ស្អែកនេះនៅកីឡដ្ឋានរបស់ក្រុមភ្នំពេញក្រោនចាប់ពីវេលាម៉ោង៦ល្ងាចទៅ។